នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បង្ហោះសារអបអរសាទរបេក្ខជន លីម តិចម៉េង
ភ្នំពេញ៖ ក្រោយទទួលបានសំឡេងគាំទ្រច្រើន បេក្ខជន លីម តិចម៉េង បានក្លាយជាម្ចាស់ពានរដូវកាលទី៤ ដែលទទួលបានសំឡេងគាំទ្រច្រើនជាង ថុល សុភិទិ, នាង ដាវីន និង ស៊ឹម ច័ន្ទពន្លឺ នៅវគ្គផ្តាច់ព្រ័ត្រ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារអបអរសាទរបេក្ខជន លីម តិចម៉េង តាមរយៈហ្វេសបុកផ្លូវការរបស់សម្តេចនៅរាត្រីថ្ងៃអាទិត្យទី២៨នេះ ដោយបានសរសេរថា «សូមអបអរសាទរចៅ លីម តិចម៉េង! ទីបំផុតជោគជ័យត្រូវបានទៅលើអ្នកឈ្នះ។»
សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាដ៏ថ្លៃថ្លាក្នុងកម្មវិធីវគ្គផ្តាច់ព្រ័ត្រនេះ ដោយ TOP 4 ម្នាក់ៗចំនួន ៦លានរៀល។
សូមជម្រាបថា បេក្ខជន លីម តិចម៉េង មកពីខេត្តកំពង់ចាមបានឆ្លងកាត់ការប្រកួតជាច្រើនសប្តាហ៍កន្លងមកនោះ រហូតក្លាយជាម្ចាស់ពានរង្វាន់កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក «Cambodian Idol» រដូវកាលទី៤។
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកម្មវិធីនៃវគ្គផ្តាច់ព្រ័ត្រនៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ។
ការប្រកួតប្រជែងនេះត្រូវបានទទួលការវាយតម្លៃពីគណៈកម្មការទាំង៤រូប ដែលជាតារាចម្រៀងដ៏ល្បីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាមានដូចជា អ្នកនាង ឱក សុគន្ធកញ្ញា លោក ឆន សុវណ្ណរាជ, លោក ណុប បាយ៉ារិទ្ធ,និង សុខ សីឡាលីន ពិសេសគឺការបោះឆ្នោតពីមហាជនតែម្តង៕ ដោយ វណ្ណលុក