អាល្លឺម៉ង់សន្យាគាំទ្រអ៊ុយក្រែនច្រើនឆ្នាំទៅមុខទៀត
ប៊ែរឡាំង៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បាននិយាយថា ជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ីអាចបន្តអូសបន្លាយពេលច្រើនឆ្នាំ ប៉ុន្តែទីក្រុងប៊ែរឡាំងនឹងបន្តគាំទ្រដល់ទីក្រុងកៀវគ្រប់មធ្យោបាយ។
លោក Baerbock បានប្រាប់កាសែត Bild នៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះថា ជាអកុសល យើងត្រូវសន្មត់ថា អ៊ុយក្រែននឹងនៅតែត្រូវការអាវុធធុនធ្ងន់ថ្មីពីមិត្តរបស់ខ្លួននៅរដូវក្តៅក្រោយ។
លោកស្រីបន្តថា អ៊ុយក្រែនក៏កំពុងការពារសេរីភាពរបស់យើង សន្តិភាពរបស់យើង ដោយបន្ថែមថា អាល្លឺម៉ង់នឹងគាំទ្រអ៊ុយក្រែន ទាំងផ្នែកហិរញ្ញវត្ថុ និងយោធា ហើយដរាបណាវាចាំបាច់ ដើម្បីបញ្ឈប់សង្គ្រាមទាំងស្រុង។
ជាមួយគ្នានេះ លោកស្រី Baerbock ក៏បានការពារការទាមទាររបស់អ៊ុយក្រែនផងដែរ ចំពោះតំបន់ឧបទ្វីបគ្រីមៀ ដែលបានបោះឆ្នោតយ៉ាងលើសលប់ក្នុងការរួបរួមជាមួយរុស្ស៊ី ក្នុងការបោះឆ្នោតប្រជាមតិមួយក្នុងឆ្នាំ ២០១៤។
ការសន្យាខាងលើ បានកើតឡើងបើទោះបីជាប្រមុខការទូតអាល្លឺម៉ង់រូបនេះបានទទួលស្គាល់កាលពីដើមសប្តាហ៍នេះថា យោធារបស់ប្រទេសអាល្លឺម៉ង់កំពុងប្រឈមមុខនឹងឱនភាពទាំងស្រុង នៃផ្នែកការពារជាតិ ដោយសារតែការដឹកជញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន៕ ប្រភព៖ RT ប្រែសម្រួល៖ទីណា និងបុត្រា