ការបង្កើនកងទ័ពរបស់រុស្ស៊ីទំនងជាមិនមានផលប៉ះពាល់ដល់សង្គ្រាមអ៊ុយក្រែនឡើយ
ឡុងដ៍៖ ក្រសួងការពារជាតិអង់គ្លេសបានបញ្ជាក់ថា ផែនការរបស់រុស្ស៊ីក្នុងការពង្រីកកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ទំនងជាមិនមានផលប៉ះពាល់ដល់សង្គ្រាមអ៊ុយក្រែននោះទេ។
ថ្មីៗនេះ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីបង្កើនបុគ្គលិកយោធារបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ីរហូតដល់ជាង ១.១៥លាននាក់ ដែលជាការកើនឡើងសក្តានុពលបន្ថែម ១៣៧,០០០នាក់ ។
ប៉ុន្តែក្រសួងការពារជាតិអង់គ្លេស បានបញ្ជាក់ថា ការបង្កើនចំនួនទ័ពនេះទំនងជាមិនបង្កើនថាមពលប្រយុទ្ធរបស់រុស្ស៊ីទេ មួយផ្នែកដោយសារតែការខាតបង់ជាបន្តបន្ទាប់។ ក្រឹត្យរបស់លោកប្រធានាធិបតី ពូទីន បានកើតឡើងចំពេលមានការជំរុញការជ្រើសរើសយោធា។
បច្ចុប្បន្នរុស្ស៊ីមានចំនួនទាហានតែជាងមួយលាននាក់ប៉ុណ្ណោះ បូករួមទាំងបុគ្គលិកស៊ីវិលជិត ៩០ម៉ឺននាក់។ ទន្ទឹមគ្នា មន្ត្រីលោកខាងលិចបាននិយាយថា ទាហានរុស្ស៊ីប្រហែល ៧០,០០០នាក់ ទៅ ៨០,០០០នាក់ត្រូវបានសម្លាប់ ឬរងរបួស ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីប្រាំមួយខែមុន៕ ប្រភព៖ BBC ប្រែសម្រួល៖ទីណា និងបុត្រា