សាលារៀនជំនាន់ថ្មីតាំងបង្ហាញស្នាដៃសិស្សក្នុងទិវាជួបឪពុកម្តាយឆ្នាំ២០២២

សាលារៀនជំនាន់ថ្មីបានប្រារព្ធកម្មវិធី«ទិវាជួបឪពុកម្តាយ»ដែលមានការរៀបចំពិព័រណ៌បង្ហាញអំពីស្នាដៃរបស់សិស្សានុសិស្សនៅវិទ្យាល័យ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ ក្រោមអធិបតីភាពឯកឧត្តម ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នាយកសាលា ឪពុកម្តាយ អាណាព្យាបាល និងសិស្សានុសិស្សយ៉ាងច្រើនកុះករ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២។

លោក សៅ ចន្ថា នាយកសាលារៀនជំនាញថ្មីនៅវិទ្យាល័យ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ បានរៀបរាប់ថា «ទិវាជួបឪពុកម្តាយ»មានការរៀបចំពិព័រណ៌ស្នាដៃរបស់សិស្សនេះ គឺស្ថិតក្នុងគោលនយោបាយរបស់សាលារៀនជំនាន់ថ្មី ដែលប្រព្រឹត្តប្រចាំឆ្នាំ។ ពិព័រណ៌នេះគឺជាស្នាដៃរបស់សិស្សទាំងស្រុងចាប់ពីថ្នាក់ទី៧ដល់ទីថ្នាក់ទី១២។ សិស្សត្រូវបានចែកជាក្លឹប ហើយក្លឹបនីមួយៗមានគម្រោងដែលត្រូវស្រាវជ្រាវផ្សេងៗគ្នារហូតដល់១៥០គម្រោង។ កម្មវិធីសិក្សាជំនាន់ថ្មីគឺអនុវត្តលើវិធីសាស្ត្រវិទ្យាសាស្ត្រ ដែលផ្តោតលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ អ្វីដែលបានតាំងបង្ហាញនេះគឺបូកបញ្ចូលគ្នារវាងមុខវិទ្យាសាស្ត្រដែលសិស្សបានរៀនគឺ រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ផែនដីវិទ្យា និងគណិតវិទ្យា ដើម្បីបញ្ចូលគ្នាទៅឲ្យចេញជាស្នាដៃដែលបានស្រាវជ្រាវ។

លោកនាយកសាលាមានប្រសាសន៍ថា ៖«គោលបំណងចម្បងនៃពិព័រណ៌ស្នាដៃសិស្សនេះគឺចង់បង្ហាញដល់មាតាបិតា អាណាព្យាបាលរបស់សិស្ស និងសហគមន៍ឲ្យឃើញពីសមត្ថភាព លទ្ធភាព និងការស្រាវជ្រាវដែលសិស្សបានរៀនសូត្រក្នុងរយៈពេលមួយឆ្នាំ។ អ្វីដែលបានដាក់តាំងបង្ហាញគឺរំលេចចេញនូវមេរៀនដែលពួកគាត់បានរៀន ស្រាវជ្រាវ និងយកមកកែច្នៃឲ្យក្លាយជាស្នាដៃប្រចាំឆ្នាំរបស់ពួកគាត់គឺបង្ហាញទៅមាតាបិតា អាណាព្យាបាលឲ្យឃើញថា ពួកគាត់កំពុងទទួលបាននូវអ្វីដែលពួកគាត់បានរៀន»។

ទន្ទឹមជាមួយគ្នានេះ ឯកឧត្តម ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងរបស់ថ្នាក់ដឹកនាំ បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្ត្រីកម្មវិធីសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ ដែលបានរៀបចំ«ទិវាជួបឪពុកម្តាយ»នេះឡើយ ហើយក៏អរគុណដល់មាតាបិតា អាណាព្យាបាល និងភ្ញៀវទាំងអស់ដែលបានចូលរួមយ៉ាងច្រើន។

«ក្រសួងអប់រំ យុវជន និងកីឡាបានធ្វើកំណែទម្រង់ប្រព័ន្ធអប់រំកម្ពុជាស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រដ្ឋាភិបាល និងនីតិកាលទី៦នៃរដ្ឋសភាជាតិ ដើម្បីឆ្លើយតបទៅនឹងការអប់រំបែបសតវត្សរ៍ទី២១ ដោយមានការគាំទ្រនូវបច្ចេកទេស និងសម្ភារទំនើបៗយ៉ាងសំបូរបែបសម្រាប់គាំទ្រការរៀន និងបង្រៀន។ ដូចនេះដើម្បីឆ្លើយតបការអប់រំបែបសតវត្សរ៍ទី២១ កម្មវិធីសាលារៀនជំនាន់ថ្មីមានសិទ្ធស្វ័យភាពប្រតិបត្តិក្នុងការរៀបចំកម្មវិធីសិក្សា និងសកម្មភាពនានាសំដៅធ្វើយ៉ាងណាឲ្យសិស្សមានចំណេះដឹង ចំណេះធ្វើ និងឥរិយាបថ ឆ្លើយតបនឹងទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត»។ ឯកឧត្តម ជា ជាតិ បានសង្កត់ធ្ងន់។

សូមបញ្ជាក់ថា «ទិវាជួបឪពុកម្តាយ»ឆ្នាំ២០២២នេះជាលើកទី៣ហើយ បន្ទាប់ពីលើកទី១បានប្រារព្ធកាលពីឆ្នាំ២០១៧-២០១៨ និងលើកទី២ ឆ្នាំ២០១៨-២០១៩ ប៉ុន្តែឆ្នាំបន្ទាប់ៗត្រូវបានអាក់ខានដោយសារវិបត្តិជំងឺកូវីដ-១៩។

កម្មវិធីសាលារៀនជំនាន់ថ្មី (NGS) គឺជាកម្មវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលបានហិរញ្ញវប្បទានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងដៃគូអភិវឌ្ឍមូលនិធិគ្រួសារត្រកូលហ្វ្រែងស៍ (FFF) សហប្រតិបត្តិការដោយអង្គការសកម្មភាពសម្រាប់អប់រំនៅកម្ពុជាដែលហៅកាត់ថា ខេប (KAPE) ដែលបានចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១៥។ បច្ចុប្បន្ននេះ សាលារៀនជំនាន់ថ្មីមានចំនួន១០ ក្នុងនោះអនុវិទ្យាល័យ និងវិទ្យាល័យមានចំនួន៦ បឋមសិក្សាមានចំនួន៤ ក្នុងរាជធានី ខេត្ត និងក្រុង រួមមាន រាជធានីភ្នំពេញ កណ្តាល កំពង់ចាម ស្វាយរៀង និងកំពង់ស្ពឺ ហើយមានសិស្សានុសិស្សកំពុងសិក្សាជាង៦០០០នាក់៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner