ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីគាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិ ខណៈបក្ខពួក ៣នាក់ផ្សេងទៀត កំពុងតែរត់គេចខ្លួន
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក ៤នាក់ បន្ទាប់ពីបានធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិ ខណៈបក្ខពួក ៣នាក់ផ្សេងទៀត កំពុងតែរត់គេចខ្លួន។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២៨ខែសីហាឆ្នាំ ២០២២ នៅចំណុចផ្លូវបេតុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យម្នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ សេង ឆៃអាយុ ៣៦ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ។ ចំណែកបក្សពួក៣នាក់ទៀត បានរត់គេចខ្លួន។ ចំណែកឯ ជនរងគ្រោះ មានឈ្មោះរ៉េត ដារ៉ូ អាយុ ២០ឆ្នាំ មានមុខរបរ ជាងជួសជុលទូរស័ព្ទ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ ២សង្កាត់ស្ទឹងមានជ័យទី ៣ខណ្ឌមានជ័យ។
យោងតាមសម្ដីលោកវរសេនីយ៍ត្រី ឯម ភារី នាប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានឱ្យដឹងថា កាលល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះបានជិះម៉ូតូ ម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1Q-4170 ចេញពីកន្លែងជួសជុលទូរសព្ទទៅផ្ទះជួល ហើយបានទុកនៅមុខផ្ទះជួល រួចក៏ដើរទៅលេងជាមួយមិត្តភក្តិបាត់។ លុះដល់ម៉ោង ២ និង៣០រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះ បានត្រឡប់មកពីដើរលេងវិញ ក៏ស្រាប់តែបាត់ម៉ូតូអត់ឃើញ ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីឱ្សមត្ថកិច្ចជួយធ្វើការស្រាវជ្រាវ ចាប់ជនសង្ស័យ ។
ក្រោយពីទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ក៏បានធ្វើការស្រាវជ្រាវ រហូតដល់ម៉ោង១ និង៣០ ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ច ក៏បានឃើញជនសង្ស័យខាងលើ កំពុងតែដើរនៅតាមផ្លូវបេតុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ក៏បានធ្វើការឃាត់ខ្លួន យកមកធ្វើការសាកសួ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ចំណែកឯ បក្សពួក៣នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល។ ចំពោះ មុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា រូបគេ រួមនឹងបក្ខពួកពិតជាបានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ ចូលទៅលួចម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យខាងលើនេះ កំពុងតែឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី ៕ ដោយ៖ ឆៃហួត