អ៊ុយក្រែនប្តេជ្ញាដណ្តើមយកតំបន់ ដុនបាស ពីកណ្តាប់ដៃរុស្ស៊ីមកវិញ
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់ខ្លួន ក្នុងថ្ងៃអាទិត្យសប្តាហ៍មុនថា អ៊ុយក្រែននឹងដណ្តើមយកតំបន់ ដុនបាស ដែលឥឡូវនេះត្រូវបានដណ្តើមកាន់កាប់ស្ទើរតែទាំងស្រុងដោយកងកម្លាំងរុស្ស៊ី។
លោក ហ្សេលេនស្គី បានបញ្ជាក់យ៉ាងដូច្នេះថា យើងមិនភ្លេចទេ ហើយក៏មិនបំភ្លេចទីក្រុងណាមួយ និងប្រជាជនរបស់យើងដែរ។ ឥឡូវនេះ តំបន់ ដុនបាស ស្ទើរតែត្រូវបានបំផ្លាញដោយការវាយប្រហាររបស់រុស្ស៊ី។
តំបន់ ដូណេតស្ក៍ របស់អ៊ុយក្រែនដែលមានមោទនភាព និងភាពរុងរឿងត្រូវបានអាម៉ាស់ដោយការកាន់កាប់ និងប្លន់យករបស់រុស្ស៊ី។ ប៉ុន្តែអ៊ុយក្រែននឹងដណ្តើមត្រឡប់មកវិញ។
ប្រាកដណាស់ ជីវិតប្រជាជននឹងត្រលប់មកវិញ… សេចក្តីថ្លៃថ្នូររបស់ប្រជាជនដុនបាសនឹងត្រលប់មកវិញ…. ឱកាសដើម្បីរស់នៅដោយសុវត្ថិភាព និងមានសុភមង្គល ក៏នឹងត្រឡប់មកវិញផងដែរ។
សូមរម្លឹកផងដែរថា កាលពីខែមុន មន្ត្រីអ៊ុយក្រែនកំពូលមួយចំនួនបានស្នើថា យោធារបស់ប្រទេសអ៊ុយក្រែននឹងបើកការវាយលុកនៅភាគខាងត្បូងប្រទេសក្នុងខែសីហានេះ ដើម្បីដណ្តើមយកទីក្រុងខើសុន មកវិញ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា