វឌ្ឍនភាពនៃការអនុវត្តកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣

ភ្នំពេញ៖ ថ្លែងនៅក្នុងសិក្ខាសិលាត្រីភាគីស្ដីពីការត្រួតពិនិត្យប្រចាំឆ្នាំលើកម្មវិធីការងារសមរម្យ ប្រចាំប្រទេសកម្ពុជាឆ្នំា២០១៩ -២០២៣ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញអំពីវឌ្ឍនភាព និង គោលដៅនៃការលើកកម្ពស់វិស័យការងារនៅកម្ពុជា ដែលការចូលរួមក្នុងការអនុវត្ត កម្មវិធីការងារសមរម្យសម្រាប់កម្ពុជាក្នុងរយៈកាល ៥ដំណាក់កាលមកនេះ បានរួម ចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវសសរស្តម្ភទាំង៤នៃរបៀបវារៈការងារសមរម្យ ហើយបានចូលរួមចំណែក លើ ការគាំទ្រដល់ការអនុវត្តគោលនយោបាយនានារបស់ រាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និង គោលនយោបាយទេសន្តរប្រវេសន៍ការងារ ការលើកឡើងបែបនេះ ធ្វើនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បង្ហាញការពេញចិត្តចំពោះគោលបំណងសំខាន់ៗទាំង៤ ដើម្បីជំរុញអោយមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍន៍ស្របតាមនិន្នាការការងារ និងសក្ដានុពលនៅក្នុងប្រទេស រួមមាន

១)របាយការណ៍អំពីសមទ្ធិផលសំខាន់ៗក្នុងឆ្នាំ២០២១ ធៀបនឹងសូចនាករ និងគោលដៅ ក៏ដូចជាចំណុចសំខាន់ៗដែលបានដាក់ចេញក្នុងឯកសារកម្មវិធីការងារសមរម្យ រួមទាំងការកែសម្រួលជាបន្តបន្ទាប់ក្នុងបរិការណ៍នៃជម្ងឺកូវីដ-១៩។ 

២) ចែករំលែក និងពិភាក្សាអំពីបញ្ហាប្រឈម និងមេរៀនដកពិសោធន៍ ឬឧត្តរមានុវត្តន៍នៃការអនុវត្តន៍ការងារសមរម្យឆ្នាំ២០២១។

៣)បញ្ជាក់ ឬកែសម្រួលនូវចំណុចអាទិភាពសំខាន់ៗ ជាពិសេស គាំទ្រដល់ការស្ដារឡើងវិញក្រោយវិបត្តិកូវីដ១៩ ។

៤) ពិភាក្សាពីផែនទីបង្ហាញផ្លូវការរៀបចំកម្មវិធីការងារសម្រាប់ប្រទេសកម្ពុជាសម្រាប់ឆ្នាំ ២០២៤- ២០២៨។

ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ជូនពីការខិតខំរបស់ក្រសួង ក្នុងការគិតគូរដោះស្រាយដល់ ការផ្តល់កិច្ចគាំពារ និងផ្តល់ជូននូវអត្ថប្រយោជន៍នានាជូនដល់បងប្អូនកម្មករនិយោជិត ក៏ដូចជាធានាបានឱ្យនិយោជកអាចរក្សាបាននូវផលិតកម្ម អាជីវកម្ម នៃ រោងចក្រសហគ្រាសរបស់ខ្លួន ជាពិសេសការចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធិផលខ្ពស់នៃអនុសាសន៍ទាំង ១០ ចំណុចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានដាក់ចេញក្នុងកំឡុងពេលនៃការចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ចំនួន ៧៧លើក មានកម្មករចូលរួមប្រមាណ១លាននាក់ កន្លងទៅ។

បច្ចុប្បន្ននេះ ក្រុមការងារយុទ្ធនាការផ្សព្វផ្សាយស្តីពីការដាក់ឱ្យដំណើរការ នៃ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលបានធ្វើយុទ្ធនាការ ៩០ថ្ងៃ ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ បាននឹងកំពុងបន្តផ្សព្វផ្សាយយ៉ាងផុសផុស ហើយបងប្អូនកម្មករនិយោជិតពិតជាសប្បាយរីករាយយ៉ាងក្រៃលែងចំពោះរាជរដ្ឋាភិបាលដែលគិតគូរដល់អត្ថប្រយោជន៍នេះជូនគាត់ពេលគាត់ចាស់ជរាទៅ ឬបាត់បង់ សមត្ថភាពការងារ ដែលរហូតមកដល់ពេលនេះក្រុមការងារបានផ្សព្វផ្សាយដោយផ្ទាល់ ដល់កម្មករនិយោជិត ប្រមាណជាង ៩៥ម៉ឺននាក់ហើយ។

ដោយឡែក លោក Graeme Buckley នាយកការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា ឡាវ ក៏បានលើកសរសើរ អំពីការខិតខំប្រឹងប្រែងរបស់ កម្ពុជា ជុំវិញការរៀបចំ នូវកម្មវិធីការងារសមរម្យ ដើម្បីជួយសម្រួលដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ដែលកម្ពុជាជាប្រទេសមួយ ដែលបានរៀបចំកម្មវិធីការងារសមរម្យ នេះច្រើនជាងគេ។

លោក អាត់ ធន់ តំណាងសហជីព ក៏បានលើកឡើងអំពីក្ដីសង្ឃឹមរបស់លោក ចំពោះ ការចូលរួមផ្ដល់កិច្ចគាំពារសង្គមពីរាជរដ្ឋាភិបាល ទៅលើវិស័យផ្សេងទៀតនៅកម្ពុជា អោយកាន់តែទូលំទូលាយ ជាក់ស្ដែងដូចជាការផ្ដល់នូវប្រាក់សោធននិវត្តន៍ ដល់កម្មករ និយោជិតជាដើម។

លោក Mattew Nicolas Rendall តំណាងសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្ម កម្ពុជា ថ្លែងពីការកោតសរសើរចំពោះកម្មវិធីនេះ ដែលគ្រប់ភាគីពាក់ព័ន្ធបានចូលរួម សហការល្អ ខាងភាគីនិយោជកនឹងបន្តចូលរួមសហការកាន់តែជិតស្និតជាមួយក្រសួង និងអង្គការអន្តរជាតិខាងការងារបន្តទៀត ដើម្បីផ្ដល់អោយវិស័យការងារនៅកម្ពុជា កាន់តែមានភាពរីកចម្រើន ជាពិសេសផ្ដល់នូវវឌ្ឍនភាពលើការងារសមរម្យសម្រាប់ ប្រជាពលរដ្ឋកម្ពុជាទាំងអស់៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner