ជនសង្ស័យ ០៤នាក់ ជាជនជាតិចិន ត្រូវសមត្ថកិច្ចឃាត់ខ្លួន សង្ស័យពាក់ព័ន្ធករណីជួញដូរមនុស្ស

ភ្នំពេញ ៖ ជនសង្ស័យចំនួន ០៤នាក់ ជាជនជាតិចិន ដោយសង្ស័យពាក់ព័ន្ធទៅនឹងករណីជួញដូរមនុស្ស ខណៈដែលកំពុងធ្វើដំណើរតាមរថយន្តតាក់សុីព្យាយាមរត់គេចតាំងពីក្រុងព្រះសីហនុ ត្រូវបានសមត្ថកិច្ចតាមស្ទាក់ចាប់ឃាត់ខ្លួនបាន នៅត្រង់ចំណុចភ្លើងស្តុបផ្លូវជាតិ លេខ៤ នៅភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ។

បើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា មានរថយន្តតាក់សុី ០១គ្រឿង ម៉ាកឡិចសុីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-3009 អ្នកបើកបរ ជនជាតិខ្មែរ បានដឹកជនជាតិចិនចំនួន ០៤នាក់ដោយសង្ស័យពាក់ព័ន្ធករណីជួញដូរមនុស្ស នៅក្រុងព្រះសីហនុ បានបើកចេញពីក្រុងព្រះសីហនុ ឆ្ពោះចូលរាជធានីភ្នំពេញ ហើយបានប្រកាសផ្សព្វផ្សាយឱ្យកងកម្លាំងសមត្ថកិច្ច បណ្តាខេត្ត-ក្រុង ស្ទាក់ចាប់ឃាត់ខ្លួន។

សមត្ថកិច្ចបានឱ្យដឹងទៀតថា រថយន្តភិនភាគខាងលើនេះ ត្រូវបានកម្លាំងស្នងការខេត្តកំពង់ស្ពឺ ហៅឃាត់ដែរតែមិនឈប់ ហើយបានព្យាយាមបន្តបើកគេចរហូត។ លុះមកដល់ចំណុចភ្លើងស្តុបជម្ពូវ័ន តាមផ្លូវជាតិលេខ៤ ទើបកម្លាំងនគរបាលចរាចរក្រុងភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យស្ទាក់ចាប់ឃាត់បានរថយន្តមួយគ្រឿងខាងលើ មានដឹកជនជាតិចិន ចំនួន ០៤នាក់។

ក្រោយពីកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន រថយន្តតាក់សុីមួយគ្រឿងខាងលើ រួមជាមួយហ្នឹងជនជាតិចិន ចំនួន ០៤នាក់ ត្រូវបានសមត្ថកិច្ចនាំ យកទៅសំចតជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដើម្បីរងចាំខាងនាយកដ្ឋានប្រឆាំង និងការពារការជួញដូរមនុស្ស នាំយកទៅសាកសួរបន្តតាមនីតិវិធី ៕

ដោយ៖ ឆៃហួត និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner