ប្រធានគណ:បញ្ជាការឯកភាពខេត្តរតនគិរី ៖ មន្រ្តីជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ ទប់ស្កាត់បទល្មេីសនានា ក្នុងខេត្តឱ្យកាន់តែប្រសើរថែមទៀត

រតនគិរី ៖ មន្រ្តីជំនាញពាក់ពន្ធទាំងអស់ រួមនិងអាជ្ញាធរមូលដ្ឋានក្រុង ស្រុកត្រូវពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ ទប់ស្កាត់រាល់បទល្មេីសនានាដែលកេីតមានឡេីងនៅខេត្តរតនគិរី នេះជាការលេីកឡេីងរបស់ អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដែលរៀបចំឡើងនៅសាលប្រជុំសាលាខេត្ត អាគារA និងមានការអញ្ជើញចូលរួមពី មេបញ្ជាការកងកម្លាំងទាំង៣ អភិបាលក្រុង ស្រុកទាំង៩ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។

ឯកឧត្តម ញ៉ែម សំអឿន មានប្រសាសន៍ថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តនេះ គឺដើម្បីពង្រឹងការងារ សន្ដិសុខសណ្ដាប់ធ្នាប់ ការអនុវត្ត បទបញ្ជា និងវិធានការនានារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសនានាក្នុងភូមិសាស្រ្ដខេត្តរតនគិរី និងកិច្ចការសំខាន់ផ្សេងៗមួយចំនួនទៀត ជាពិសេសលើកិច្ចការតុបតែងលម្អសោភ័ណភាព និងអនាម័យតាមក្រុងស្រុក មន្ទីរអង្គភាពជុំវិញខេត្ត បញ្ហាចរាចរណ៍ គ្រោះទឹកជំនន់ ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍កោតសរសើរដល់គណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក ដែលបានខិតខំបំពេញការងារនាពេលកន្លងមកសម្រេចបានលទ្ធផលល្អប្រសើរ ពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានទប់ស្កាត់បានយ៉ាងល្អប្រសើរនូវអំពើឆក់ប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសនានា ពេលកន្លងមក និងត្រូវបន្ដខិតខំប្រឹងប្រែងបំពេញការងារទាំងអស់នេះ ឱ្យបានកាន់តែល្អថែមទៀត ។

ឯកឧត្តមក៏បានមានប្រសាសន៍ ណែនាំដល់គណៈបញ្ជាការក្រុង ស្រុក បន្ដណែនាំដល់ប្រជាពលរដ្ឋត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន កុំលេងល្បែងស៊ីសង និងកុំប្រើប្រាស់គ្រឿងញៀនជាដើម ពិសេសត្រូវបន្ដការពារខ្លួនពីជំងឺកូវីដ-១៩ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ ជាពិសេសគណៈបញ្ជាការក្រុង ស្រុក ត្រូវបន្ដការថែរក្សា បរិស្ថាន និងសម្បត្តិធម្មជាតិឱ្យបានល្អ ដែលជាសក្ដានុពលទេសចរណ៍ នៅក្នុងខេត្តរបស់យើង ត្រូវថែរក្សា និងរៀបចំរមណីយដ្ឋានធម្មជាតិ មានបរិស្ថានស្អាតជានិច្ច និងសូមកុំអោយមាន ការកាប់បំផ្លាញ ព្រៃឈើ សម្បត្តិធម្មជាតិ ការឆក់ត្រី នេសាទខុសច្បាប់ បរបាញ់សត្វព្រៃខុសច្បាប់ជាដើម ៕ដោយ គតិ យុត្ត

ads banner