អាជ្ញាធរខេត្តរតនគិរី ពង្រឹងយន្តការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការត្រៀមបង្ការជួយសង្គ្រោះប្រជាពលរដ្ឋ ខណៈមានគ្រោះធម្មជាតិកើតឡើងជាយថាហេតុ ឲ្យបានទាន់ពេលវេលា

ខេត្តរតនគិរី៖ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន បានថ្លែងជំរុញឲ្យបន្តពង្រឹងយន្តការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រៀមបង្ការទាំងមធ្យោបាយ កម្លាំង និងសម្ភារៈ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ពេលជួបគ្រោះធម្មជាតិនានា ពិសេសគ្រោះទឹកជំនន់ នៅក្នុងភូមិសាស្ត្រខេត្ត ជាការឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។

អភិបាលខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តរតនគិរី នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ នៅសាលាខេត្តរតនគិរី ដែលមានការចូលរួមពី មន្ត្រីខេត្ត ក្រុង/ស្រុកទាំង៩ លោកនាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ និងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀត ។

អភិបាលខេត្ត និងជាប្រធាន គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន បានថ្លែងទៀតថា កិច្ចប្រជុំនេះ គឺដើម្បីពង្រឹងការងារ សន្ដិសុខសណ្ដាប់ធ្នាប់ ការអនុវត្ត បទបញ្ជា និងវិធានការនានារបស់ រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ក្នុងភូមិសាស្រ្ដខេត្តរតនគិរី និងកិច្ចការសំខាន់ផ្សេងៗមួយចំនួនទៀត ពិសេស លើកិច្ចការងារតុបតែងលម្អរសោភ័ណ្ឌភាព និងអនាម័យ នៅតាមក្រុង-ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត បញ្ហាចរាចរណ៍ និងការទប់ទល់នឹងគ្រោះទឹកជំនន់ ផងដែរ ។

ឯកឧត្តមអភិបាលខេត្តរតនគិរី បានណែនាំ ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុកទាំង៩ ឲ្យបន្ដណែនាំដល់ប្រជាពលរដ្ឋ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន កុំលេងល្បែងស៊ីសង និងកុំប្រើប្រាស់គ្រឿងញៀន ជាពិសេស ត្រូវបន្ដការពារខ្លួនពីជំងឺកូវីដ-១៩ តាមគោលការណ៍ណែនាំរបស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

ប្រធាន គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បានក្រើនរំលឹក ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុកទាំង៩ ត្រូវបន្ដការថែរក្សា បរិស្ថាន និងសម្បត្តិធនធានធម្មជាតិឲ្យបានគង់វង្ស ដែលជាសក្ដានុពលទេសចរណ៍ នៅក្នុងខេត្តទាំងមូល ត្រូវថែរក្សា និងរៀបចំរមណីយដ្ឋានធម្មជាតិ ឲ្យមានបរិស្ថានស្អាតជានិច្ច ត្រូវរួមគ្នាចុះទប់ស្កាត់ និងបង្ក្រាបការកាប់បំផ្លាញព្រៃឈើ សម្បត្តិធនធានធម្មជាតិ ការឆក់ត្រី ការនេសាទខុសច្បាប់ និងបរបាញ់សត្វព្រៃ ដោយខុសច្បាប់ជាដើម ៕ ដោយ៖ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner