អភិបាលខេត្តព្រះវិហារ បន្តចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លំនៅដ្ឋាន និងផ្ទៃដីកសិកម្ម រងផលប៉ះពាល់ជាអន្លើៗ នៅក្នុងដែនដីរដ្ឋបាលខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ ដំណើរបន្តចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ការចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីទឹកជំនន់ នៅតំបន់ព្រំដែនរបស់ អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី កាលពីរសៀល ថ្ងៃទី២៩ សីហា ម្សិលមិញនោះ ក៏មានការចូលរួមពី អភិបាលរងខេត្ត លោក យ៉ុង គឹមហាន ,ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោក សំ លាងទ្រី ,ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោក ចាប កុយ និង អភិបាលក្រុងព្រះវិហារ លោក ប៉ុក ងួន ផងនោះដែរ។

មន្ត្រីខេត្តព្រះវិហារ បានឲ្យដឹងថា ក្រោយការចុះពិនិត្យស្ថានភាពទឹកជំនន់ និងការជួបសួរសុខទុក្ខប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងក្រុងព្រះវិហារ និងនៅតំបន់ព្រំដែន នៃស្រុកជាំក្សាន្តនោះមក លោកអភិបាលខេត្ត ក៏បានបន្តដំណើរឆ្ពោះទៅកាន់តំបន់ចាក់ច្រែង ដែលស្ថិតនៅលើខ្នងភ្នំដងរ៉ែក ដើម្បីពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលបានរងការខូចខាត និងវាយកាត់ផ្តាច់ដោយទឹកភ្លៀង នាច្រើនថ្ងៃកន្លងមកនេះ ដើម្បីរកវិធានការជួសជុល កែរសម្រួលឡើងវិញ ។

មន្ត្រីខេត្តដដែលបានបញ្ជាក់ថា ក្នុងរយៈពេល នៃការកើតឡើង នៃជំនន់ទឹកភ្លៀងនាច្រើនថ្ងៃមកនេះ អាជ្ញាធរខេត្ត បានខិតខំយ៉ាងយកចិត្តទុកដាក់ និងគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ លោកថា ស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តព្រះវិហារ មិនទាន់បានស្រកចុះខ្លាំងនៅឡើយ ខណៈការព្យាករណ៍ នៅតែបន្តការជូនដំណឹងឲ្យមានការប្រុងប្រយ័ត្ន នូវការធ្លាក់ភ្លៀងក្នុងសប្តាហ៍នេះទៀត។ ចំពោះកម្ពស់ទឹកស្ទឹងសែន នៅព្រឹកថ្ងៃ៣០ សីហានេះ បានបន្ដហក់ឡើងដល់ ១២,៧២ម៉ែត្រ បើធៀបនឹងថ្ងៃម្សិលមិញ ទឹកហក់ឡើង ០,៣៤ម៉ែត្រ ខណ:កម្ពស់ទឹកកម្រិតប្រកាសអាសន្ន ១១,៥០ម៉ែត្រ។ ដោយឡែក ទឹកស្ទឹងសែន នៅអាងទឹករក្សា មានកម្ពស់ ៤៣,៧៥ម៉ែត្រ បើធៀបនឹងថ្ងៃម្សិលមិញ ទឹកស្រកចុះ ០,៦៨ម៉ែត្រ ៕ ដោយ៖ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner