គណៈគ្រប់គ្រងសាលាបឋមសិក្សា ហ៊ុន សែន រុនតាឯក រង់ចាំស្វាគមន៍បុត្រធីតារបស់ប្រជាពលរដ្ឋដែលផ្លាស់ទីលំនៅមកពីតំបន់រមណីយដ្ឋានអង្គរឱ្យមកបន្តការសិក្សារៀនសូត្រ
សៀមរាប៖ការព្រួយបារម្ភមួយរបស់ប្រជាពលរដ្ឋដែលផ្លាស់ប្តូរទីលំនៅពីរមណីយដ្ឋានអង្គរគឺសាលារៀននិងការសិក្សាកូនៗបស់ពួកគាត់។ ប៉ុន្តែមន្ត្រីទទួលបន្ទុកការអប់រំ បានបញ្ជាក់ថា សូមកុំព្រួយបារម្ភអំពីបញ្ហានេះពីព្រោះនៅកន្លែងរស់នៅថ្មី របស់ពួកគាត់មានសាលារៀនត្រឹមត្រូវរង់ចាំទទួលសិស្សានុសិស្សជានិច្ច។
គណៈគ្រប់គ្រងសាលាបឋមសិក្សាហ៊ុនសែនរុនតាឯកបានបញ្ជាក់ថា សាលារង់ចាំស្វាគមន៍បុត្រធីតារបស់បងប្អូនប្រជាពលរដ្ឋដែល រស់នៅដោយខុសច្បាប់នៅតំបន់រមណីយដ្ឋានអង្គរដែលរាជរដ្ឋាភិបាលបានរៀបចំផ្លាស់ប្តូរទីលំនៅមកនៅក្នុងតំបន់អភិវឌ្ឍន៍ រុនតាឯកស្ថិតនៅក្នុងភូមិធម្មជាតិរុនតាឯកថ្មីឃុំរុនតាឯកស្រុកបន្ទាយស្រីឱ្យបន្តការនៅក្នុងសាលាដោយមិនខាតឆ្នាំសិក្សានោះឡើយ។
លោក ហ៊ីង ហ៊ីម ដែលជាគណៈគ្រប់គ្រងនៃសាលាបឋមសិក្សាហ៊ុនសែនរុនតាឯក បានបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០២១-២០២២ ដែលមានសិក្សានុសិស្សសិក្សាត្រឹមតែ១០២នាក់ប៉ុណ្ណោះ ដោយសិក្សាពីថ្នាក់ទី១ដល់ថ្នាក់ទី៦ ។ លោកបន្តថា សម្រាប់ការសិក្សាមានត្រឹមវេនព្រឹកប៉ុណ្ណោះព្រោះសិស្សតិចមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេ ខណៈដែលអគារសិក្សាសំរាប់សិស្សបច្ចុប្បន្ននេះមានចំនួន ២ខ្នង ស្មើរនិង២៤បន្ទប់ ៕
ង៉ាន់ ទិត្យ



