អាជ្ញាធរខណ្ឌចំការមន ចុះពិនិត្យការវាស់វែងសំណង់ផ្ទះល្វែង មួយកន្លែង
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២ លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន បានដឹកនាំមន្ត្រីនៃរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យការវាស់វែងសំណង់ផ្ទះល្វែង ដែលមានទីតាំងនៅដីឡូត៍លេខ១៥៩ ផ្លូវ៤៣២ ភូមិ៣ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកអនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌ, លោកអនុប្រធានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋានខណ្ឌ, រដ្ឋបាលសង្កាត់ទួលទំពូងទី១ និងមន្ត្រីពាក់ព័ន្ធ។
លោក អាំង សិរីពិសិដ្ឋ បានឲ្យដឹងថា ក្រុមការងារ បានពិនិត្យឃើញថា សំណង់បានសាងសង់ជាន់ទី១ ចាក់ប្លង់សេចំណីដីឡូត៍លយមកខាងមុខទំហំ ២ម៉ែត្រគុណ៥,៥ម៉ែត្រ។
ក្រុមការងារបានណែនាំឲ្យម្ចាស់សំណង់ឲ្យរុះរើប្លង់សេដែលលយមកខាងមុខ និងសាងសង់តាមច្បាប់អនុញ្ញាត ដោយទុករយៈពេល១០ថ្ងៃ។ ក្នុងករណីម្ចាស់សំណង់ មិនគោរពតាមការណែនាំរបស់អាជ្ញាធរទេ អាជ្ញាធរនឹងចាត់វិធានការ ដកហូតសម្ភារៈនិងឧបករណ៍សំណង់យកមករក្សាទុកជាបណ្តោះអាសន្នដោយមិនទទួលខុសត្រូវលើការខូចខាតឬបាត់បង់សម្ភារៈនោះទេ ៕ ដោយ: ស៊ូ ប៊ុនធី



