បឹងដ៏ធំ និងអាថ៌កំបាំងនៅលើកំពូលភ្នំបានផ្តល់ទឹកមិនចេះរីងស្ងួតនៅរមណីយដ្ឋានទឹកធ្លាក់អូរជាំ
ខេត្តបាត់ដំបង៖ ទឹកធ្លាក់ អូរជាំគឺជារមណីយដ្ឋានធម្មជាតិដែលស្ថិតនៅប៉ែកខាងលិចឆៀងខាងត្បូងទីរួមខេត្ដបាត់ដំបងមានចំងាយ ៨០គីឡូម៉ែត្រពីទីរួមខេត្ដក្នុងភូមិអូជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ទៅកាន់ស្រុកសំឡូតហើយឆ្ពោះទៅកាន់ទឹកធ្លាក់តែម្តង។
ទឹកធ្លាក់ អូរជាំត្រូវបានរកឃើញក្នុងឆ្នាំ២០០៣ដោយប្រជាជនដែលទៅរស់នៅទីនោះ។ទឹកធ្លាក់មួយកន្លែងនេះតែងបង្ហាញនូវសម្រស់ពីទឹកធ្លាក់ច្រើនតំណាក់ឆ្លងកាត់ផ្ទាំងថ្ម និងធ្លាក់ជាតំណាក់ៗច្រើនកន្លែង។
លោក គឹម សុង ប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំបានឱ្យដឹងថា ទឹកធ្លាក់ដ៏ល្អឯកមួយកន្លែងនេះមានទឹកហូរមិនចេះរីងស្ងួតឡើយដោយសារថាបានមកពីប្រភពទឹកបឹងដ៏ធំមួយកន្លែងនោះលើចន្លោះភ្នំ។ បឹងមួយកន្លែងនេះត្រូវបានផ្ទុកទឹកពីគ្រប់ទិសទីតាមច្រក និងផ្ទាំងថ្មលើកំពូលភ្នំ ហើយបានហូរចាក់ចុះមកខាងក្រោម។
លោកបានឱ្យដឹងថា“ ទឹកធ្លាក់អូរជាំផ្នែកខាងលើគេបង្អស់មានកំពស់ ៣០ ម៉ែត្រ ដែលហ៊ុមព័ទ្ធដោយផ្ទាំងថ្មធំៗ និង មានបឹងមួយនៅលើភ្នំដែលជាប្រភពទឹកហូរមកកាន់ទឹកធ្លាក់ទាំងនេះមកក្រោម។ទឹកបឹងនេះគេឱ្យឈ្មោះថាបឹងអូរជាំ ឬអ្នកខ្លះហៅថាទន្លេផែន ។ ទឹកធ្លាក់ចុះមកពីលើភ្នំដែលមានប្រភពមកពីបឹងដ៏ធំទំហំប្រមាណជិត៣ហិចតា ដោយបានបង្ហូរទម្លាក់កាត់តាមផ្ទាំងថ្មធំៗជាច្រើនដំណាក់ មកក្រោមបង្កើតជាផ្ទាំងទស្សនីយភាពគួរឱ្យគយគន់ណាស់”។
ប្រធានសហគមន៍រូបនេះបានបន្តឱ្យដឹងថា “បឹងមួយកន្លែងនេះតាមពិតមិនសូវមានអ្នកទៅដល់ទេដោយសារវាស្ថិតនៅលើកំពូលភ្នំ ហើយបានបង្ហូរទឹកគ្រប់រដូវកាលដែលធ្វើឱ្យទឹកធ្លាក់អូរជាំមានខួបប្រាំងវស្សា”។
បើតាមលោកប្រធានសហគមន៍អូរជាំបានឱ្យដឹងបន្ថែមថា បើតាមការស្រាវជ្រាវទឹកបឹងមួយកន្លែងនេះមានជម្រៅប្រមាណ២០-៣០ម៉ែត្រ និងមានទំហំជិត៣ហិកតា។
ដោយឡែក លោក វឹង វ៉ឺន អនុប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំដែលបានទៅដល់ទីកន្លែងបឹងមួយនេះបានឱ្យដឹងថាបឹងនេះពិតជាធំ និងមានទេសភាពស្រស់ស្អាតគួរជាទីចាប់អារម្មណ៍ចូលកម្សាន្ត។
លោកបានឱ្យដឹងបន្ថែមថា កន្លងមកមានអ្នកស្រាវជ្រាវតិចតួចបានទៅដល់បឹងនេះ ពីព្រោះថាការធ្វើដំណើរទៅ ជួបការលំបាក និងឆ្ងាយផង។ តាមពិតបឹងនេះផ្តល់សក្តានុពលធនធានទឹកយ៉ាងសម្បើម និងថែមទាំងមានសក្តានុពលទាក់ទាញផ្នែកទេសចរណ៍ថែមទៀត។
លោកចង់ឱ្យមានការស្រាវជ្រាវនិងបង្កើតជាកន្លែងទេសចរណ៍សម្រាប់ភ្ញៀវទេសចរចូលកម្សាន្តពីព្រោះថាវាជាកន្លែងកម្សាន្តមិនចាញ់ផ្នែកខាងក្រោមឡើយ ៕ ដោយ៖ម៉ាដេប៉ូ



