អភិបាលខេត្តបន្ទាយមានជ័យ ៖ សិស្សានុសិស្សជាទំពាំងស្នងឬស្សី ជាអ្នកដឹកនាំដ៍ល្អនាពេលអនាគត់ ដូច្នេះកូនៗត្រូវស្ដាប់បង្គាប់លោកគ្រូអ្នកគ្រូ មាតាបីតា និងព្យាយាមសិស្សារៀន
បន្ទាយមានជ័យ៖ សិស្សានុសិស្សជាទំពាំងស្នងឬស្សី ជាអ្នកដឹកនាំដ៍ល្អនាពេលអនាគត់ ដូច្នេះកូនៗត្រូវស្ដាប់បង្គាប់លោកគ្រូអ្នកគ្រូ មាតាបីតា និងព្យាយាមសិស្សារៀនអោយបានគត់មុត ចប់ចុងដើម ដើម្បីបំពេញបំណងប្រាថ្នាឱ្យបានគ្រប់គ្នា ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងដូច្នេះក្នុងពិធីសំណេះសំណាល និងចែកអំណោយដល់សិស្សានុសិស្សចំនួន ១០០នាក់ និងសាលារៀនចំនួន០៣ ក្នុងឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។
ឯកឧត្ដម នោ ហ្យង់ជូន ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា(KOICA) និងលោក លោកស្រី សមាជិកសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ និងក្រុមហ៊ុនហុីយ៉ាន់ដាយ ក៏បានអញ្ជើញចូលរួមផងដែរ ។
អំណោយឧបត្ថម្ភរបស់ KOICA និងក្រុមហ៊ុនហុីយ៉ាន់ដាយ (Hyundai) បាននាំយកមកចែកជូនសិស្សានុសិស្សក្រីក្រតស៊ូរៀនសូត្រចំនួន ១០០នាក់ មកពីសាលាបឋមសិក្សាតាឡំ បឋមសិក្សាចុងគោក និងសាលាបឋមសិក្សាព្រះស្រែ រួមមាន កង់១០០គ្រឿង កាបូបសិស្ស១០០ សៀវភៅ ៥០០ក្បាល ប៊ិច ១០០ដើម ថ្នាំដុសធ្មេញ ១០០ ច្រាស់ដុសធ្មេញ ១០០ សៀវភៅរឿងនិទានផ្សេងៗ ១០០ក្បាល វចនានុក្រមសម្តេចជួនណាត ៣ក្បាល ភូគោល៣ និងម៉ូទ័របូមទឹក ១សម្រាប់ស្រោចកូនឈើ ដែលត្រូវដាំចប់កម្មវិធី ២៥០ដើម។
ក្នងនាមអាណាព្យាបាលសិស្ស ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យថ្លែងអំណរគុណដល់សប្បុរសជនជាម្ចាស់អំណោយ ពិសេសឯកឧត្ដម នោ ហ្យង់ជូន ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា(KOICA) និងលោក លោកស្រី សមាជិកសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ និងក្រុមហ៊ុនហុីយ៉ាន់ដាយ ដែលតែងលើកគំរោងជួយដល់ខេត្តបន្ទាយមានជ័យ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តលើកកម្ពស់ ជីវភាពនិងសុខមាលភាព ពលរដ្ឋ។
ឯកឧត្ដម សំណូមពរដល់មាតាបិតា អាណាព្យាបាល និងលោកគ្រូអ្នកគ្រូ ធ្វើយ៉ាងណាជំរុញការរៀនសូត្ររបស់សិស្ស ឱ្យបានចប់ចុងចប់ដើម ដើម្បីឱ្យពួកគេបានសម្រេចនូវក្ដីប្រាថ្នារបស់ខ្លួន ៕ ដោយ ៖ ឃឹន គន្ធា



