កិច្ចប្រជុំប្រាក់ឈ្នួល៖ ភាគីតំណាងកម្មករបានបន្ថយ ពី២១៥ ដុល្លារ មកត្រឹម ២១៣ដុល្លារ, ឯនិយោជកព្រមដំឡើង ពី១៩៤ ដុល្លារ ទៅ ១៩៦ដុល្លារ
ភ្នំពេញ៖ កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល អប្បបរមាផ្នែក វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផល ធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៣បានដំណើរការរួចរាល់ហើយ។ ក្រោយការប្រជុំផ្ទៃក្នុងតំណាងភាគីរបស់ ខ្លួន នីមួយៗ ចំនួនបីលើករួចមក ភាគីតំណាងកម្មករនិយោជិត បានបន្ថយ តួលេខពីចំនួន ២១៥ដុល្លារអាមេរិកមកនៅ ២១៣ដុល្លារ ដែលជាមូលដ្ឋានក្នុងការចរចាលើកនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ បានឱ្យដឹងថានៅថ្ងៃទី៣១ ខែសីហានេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បាន បើកកិច្ចប្រជុំរបស់ ខ្លួន ដើម្បីបន្តពិភាក្សាកំណត់ ប្រាក់ឈ្នួលអប្បបរមាផ្នែក វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៣។
ប្រភពដដែលបន្តថា ក្រោយការប្រជុំផ្ទៃក្នុងភាគីរបស់ខ្លួនចំនួន បីលើក ភាគីតំណាងកម្មករ និយោជិត បានបន្ថយតួលេខពី ចំនួន ២១៥ដុល្លារអាមេរិក មកតួលេខ ២១៣ដុល្លារ ជា មូលដ្ឋាន ក្នុងការចរចាថ្ងៃនេះ។ ចំណែកក្រោយការប្រជុំ ផ្ទៃក្នុង ចំនួន ២លើក ដែរ ភាគីនិយោជក (ថៅកែ)ក៏បាន ដំឡើងតួលេខ ពីចំនួន ១៩៤ដុល្លារ ទៅតួលេខ ១៩៦ដុល្លារ ជាមូលដ្ឋានក្នុង ការចរចាថ្ងៃនេះ(៣១ខែសីហា)។ ភាគីទាំងពីរបានបន្តពន្យល់ និងការពារគោលជំហររបស់ខ្លួនទៅ វិញទៅមកប្រកបដោយ វិជ្ជាជីវៈ និងភាពចាស់ទុំ។
ក្រសួងការងារបានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា៖”នៅក្នុងកិច្ចប្រជុំត្រីភាគីនេះ ភាគីរាជរដ្ឋាភិបាលក៏បានបន្ត សម្រប សម្រួល និងផ្ដល់នូវការពន្យល់បន្ថែមលើចំណុចនានា តាមសំណូមពររបស់ភាគីតំណាងកម្មករនិយោជិត និងភាគី តំណាងនិយោជកផងដែរ។
តាមលក្ខណៈបច្ចេកទេស និង បម្រែបម្រួលទិន្នន័យនៃ លក្ខណៈ វិនិច្ឆ័យទាំងប្រាំពីរ ដែល ជាមូលដ្ឋានកំណត់ ប្រាក់ឈ្នួល អប្បបរមា នោះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា ជាតិប្រាក់ឈ្នួល អប្បបរមា បានគណនាឃើញថាតួលេខប្រាក់ឈ្នួលអប្បបរ មាសម្រាប់ឆ្នាំ២០២៣គឺ ១៩៧,៨៦ដុល្លារអាមេរិក”។
ប្រភពដដែលនេះបានឱ្យដឹងទៀតថា អង្គប្រជុំបានឯកភាព គ្នាកំណត់កិច្ចពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀត នៅម៉ោង ២:៣០រសៀល ថ្ងៃទី១៣ ខែកញ្ញាខាងមុខ និងប្រជុំបញ្ចប់ នៅម៉ោង ២:៣០រសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។
គួរបញ្ជាក់ថាសម្រាប់ ប្រាក់ឈ្មួលគោលរបស់កម្មករនិយោជិត ក្នុងឆ្នាំ២០២២នេះទទួលបាន១៩៤ដុល្លារក្នុងមួយខែ។ ក្នុងនេះ មិនគិតប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតនោះឡើយ៕ ដោយ៖ ម៉ាដេប៉ូ