មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃរំលឹកដល់អភិបាលរងខេត្តព្រះសីហនុទើបទទួលតំណែងអំពីការអនុវត្តច្បាប់ និងលិខិត បទដ្ឋាន គតិយុត្តនានា ឱ្យកាន់តែមានប្រសិទ្ធភាព
ព្រះសីហនុ៖ អភិបាលរងខេត្តព្រះសីហនុថ្មីចំនួនបួនរូប ត្រូវបានប្រកាសចូលកាន់មុខតំណែងជាផ្លូវការ ក្រោមវត្តមានឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាង សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ក្នុងពិធីដែលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៣១ខែសីហាឆ្នាំ២០២២ ឯកឧត្តម កុល វីរក្ស បានកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការគ្រប់ លំដាប់ ថ្នាក់ បានខិតខំរួមគ្នាបំពេញតួនាទីភារកិច្ចប្រកបដោយ ស្មារតីទទួលខុសត្រូវនិងសម្រេចបានសមិទ្ធផលល្អ។ពិសេស ក្នុងការធានាថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជម្រុញការអភិវត្តសេដ្ឋកិច្ចសង្គម ស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល ។
ឯកឧត្តមបានរំលឹកថា ត្រូវពង្រឹងប្រសិទ្ធភាព ការងារដឹកនាំ គ្រប់គ្រង នៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យមានប្រសិទ្ធភាព។ រាជរដ្ឋាភិបាលបានរៀបចំច្បាប់ស្តីពីវិសោធន៍កម្មច្បាប់មាត្រ១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌក្នុងគោលបំណងកែសម្រួលចំនួនគណៈអភិបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌដើម្បីបង្កើនធនធានមនុស្សក្នុងជួរ គណៈ អភិបាល ដែលជាអង្គប្រតិបត្តិឱ្យមានចំនួនសមស្រប តាម ស្ថានភាព នៃកំណើនសេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋ និង ភូមិសាស្រ្ត នៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។
ឯកឧត្តមបានរំលឹកទៀតថា ត្រូវពង្រឹងការងារសន្តិសុខ របៀបរៀបរយសាធារណ: អនុវត្តច្បាប់ និងលិខតិបទដ្ឋាន គតិយុត្តនានា ឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបតម្រូវការ ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន។
ថ្លែងក្នុងឱកាសនេះដែរឯកឧត្តម គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ ក៏ចូលរួម បានផ្តាំផ្ញើដល់មន្ត្រីដែល បានទទួល តំណែងថ្មីទាំងបួនរូបឱ្យបំពេញតួនាទីនិងភារកិច្ច ប្រកប ដោយមនសិការវិជ្ជាជីវ: មានការទទួលខុសត្រូវពិសេស ប្រកាន់ភ្ជាប់នូវអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនាពីរគឺ “កែទម្រង់ខាងក្នុង និងបង្កើតមិត្ត ខាងក្រៅ” ដោយស្មារតីឯករាជ្យ។
អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុដែលទើបទទួលតំណែងមាន៖លោក ឯម ភាព ,២.លោក មីន កុម្ភៈ ,
៣. លោក អ៊ី សុខឡេង អតីតអភិបាលក្រុងព្រះសីហនុ
៤.លោក យូសុះ សូឡៃម៉ាន់ ៕ ដោយ៖ ខៀវ សាវ៉ុន