អភិបាលខេត្តព្រះសីហនុ ប្រាប់អភិបាលក្រុងព្រះសីហនុដែលទើបទទួលតំណែងថ្មី ត្រូវសហការធ្វើការរួមគ្នា និងដោះស្រាយបញ្ហាដោយយុត្តិធម៌ត្រឹមត្រូវ
នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ លោក សរ កក្កដា ត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មី ពីអភិបាលស្រុកព្រៃនប់ មកជាអភិបាលក្រុងព្រះសីហនុជំនួសលោក អ៊ី សុខឡេង ដែលត្រូវបានតែងតាំងអភិបាលរងខេត្តព្រះសីហនុ តាមអនុក្រឹត្យលេខ ៦០៥អនក្រ.តត។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលប្រកាសតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ ដោយបានបន្យល់ទុក នូវស្នាដៃជាច្រើនក្នុងការចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍក្រុងព្រះសីហនុ។
ឯកឧត្តម អភិបាលខេត្ត ក៏បានសម្តែងការកោតសរសើរលោក សរ កក្កដា ដែលមានបទពិសោធន៍ក្នុងការដឹកនាំនាពេលកន្លងមក។ សង្ឃឹមថាពេលចូលមកកាន់តួនាទីជាអភិបាលក្រុងព្រះសីហនុ នឹងធ្វើឱ្យក្រុងនេះមានការរីកចម្រើន។
ឯកឧត្តម គួច ចំរើន បានរំលឹកលោកអភិបាលក្រុងព្រះសីហនុថ្មីនេះ ត្រូវមានភាពទន់ភ្លន់ ម៉ឺងម៉ាត់ជាមួយមន្ត្រីក្រោមឱវាទរបស់ខ្លួន ដើម្បីឱ្យក្រុងព្រះសីហនុកាន់តែរីកចម្រើនបន្ថែមទៀត ត្រូវប្រកាន់ភ្ចាប់នូវអភិក្រមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនាពីរគឺ “កែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ” ដោយស្មារីតីឯករាជ្យ ។
ឯកឧត្តម អភិបាលខេត្តបានធ្វើការណែនាំលោកអភិបាលក្រុងថ្មីបន្តកិច្ចការដែលនៅសេសសល់ពីលោកអភិបាលក្រុងមុនអោយបានល្អ។ត្រូវសហការធ្វើការរួមគ្នា និងធ្វើការដោះស្រាយប្រកបដោយយុត្តិធម៌ត្រឹមត្រូវ៕
ដោយ៖ខៀវ សាវ៉ុន