កម្ពុជា និងតួកគី វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ UIKU Kocaefe ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ជាមួយសេចក្តីពេញចិត្តចំពោះមិត្តភាពដ៏ប្រពៃ និងកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលបច្ចុប្បន្នរវាងប្រទេសកម្ពុជា និងតួកគី នៅក្នុងឱកាសនៃជំនួបសម្តែងការគួរសមដោយលោកជំទាវឯកអគ្គរដ្ឋទូត នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
អ្នកនាំពាក្យក្រសួងការបរទេសបានបន្តថា លោកជំទាវឯកអគ្គរដ្ឋទូត UIKU Kocaefe បានពាំនាំនូវការសាកសួរសុខទុក្ខ និងសព្វសាធុការពរពីឯកឧត្តម Mevlüt Çavuşoğlu រដ្ឋមន្រ្តីការបរទេសតួកគី ជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ហើយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលឹកឡើងវិញអំពីដំណើរទស្សនកិច្ចប្រកបដោយផ្លែផ្ការបស់ឯកឧត្តមទៅកាន់ប្រទេសតួកគី កាលពីពេលថ្មីៗនេះ ក៏ដូចជា ការអញ្ជើញចូលរួមរបស់ឯកឧត្តមរដ្ឋមន្រ្តីការបរទេសតួកគី នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញនាពេលកន្លងមក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវឯកអគ្គរដ្ឋទូត UIKU Kocaefe បានកត់សម្គាល់ដោយការពេញចិត្តចំពោះកត្តាវិជ្ជមានមួយចំនួនដែលនឹងត្រួសត្រាយផ្លូវសម្រាប់ការជំរុញទំនាក់ទំនងពាណិជ្ជកម្មដែលនៅមិនទាន់បានឆ្លើយតបនឹងសក្តានុពលនៃប្រទេសទាំងពីរនៅឡើយ មានជាអាទិ៍ ការសម្រេចរបស់រដ្ឋាភិបាលតួកគីក្នុងការបង្កើតការិយាល័យទីប្រឹក្សាសម្រាប់កិច្ចការពាណិជ្ជកម្មប្រចាំស្ថានទូតតួកគីនៅទីក្រុងភ្នំពេញ, ការចូលជាធរមាននៃកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការពារការវិនិយោគដោយឈរលើគោលការណ៍បដិការ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី ការជៀសវាងការយកពន្ធជាន់គ្នា ក៏ដូចជា កិច្ចប្រជុំលើកទី៣នៃគណៈកម្មការចម្រុះស្តីពីសេដ្ឋកិច្ចដែលនឹងប្រព្រឹត្តទៅនៅកម្ពុជា នៅថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២២។
ប្រភពដដែលបានបន្តទៀតថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូតថ្មី ក៏បានពិភាក្សាគ្នាផងដែរអំពីមធ្យោបាយនានាដើម្បីឈានទៅរកវិស័យថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការ និងបានឯកភាពពន្លឿនការបញ្ចប់ឯកសារមួយចំនួនដែលមិនទាន់បានសម្រេចនៅឡើយ ហើយដែលត្រូវការជាចាំបាច់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូត អំពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចពិគ្រោះយោបល់នយោបាយលើកទី៣ រវាងប្រទេសកម្ពុជា និងតួកគី នាពេលប៉ុន្មានខែខាងមុខនេះ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលតួកគី សម្រាប់ជំនួយអភិវឌ្ឍន៍លើវិស័យមួយចំនួន ដូចជា វិស័យអភិវឌ្ឍន៍ជនបទ អប់រំ សុខាភិបាល និងគម្រោងលំនៅឋានដែលអនុវត្តដោយទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការ និងសម្របសម្រួលតួកគី (Turkish Cooperation and Coordination Agency-TIKA) នៅស្រុកស្អាង។
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងអំពីបញ្ហាប្រឈមនានាដែលកម្ពុជាបានជួបប្រទះ ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ាន ក៏ដូចជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន (AMM) លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនាពេលថ្មីៗនេះ ដោយសម្តែងនូវការពេញចិត្តចំពោះលទ្ធផលដែលសម្រេចបានលើសពីការរំពឹងទុករបស់គ្រប់មជ្ឈដ្ឋាន រួមទាំងការចេញផ្សាយសេចក្តីថ្លែងការណ៍រួមផងដែរ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូត អំពីភាពស្មុគស្មាញនៃវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្ដម ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន (5PC) និងជួយមីយ៉ាន់ម៉ាឱ្យវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ លោកជំទាវឯកអគ្គរដ្ឋទូត Ülkü Kocaefe បានវាយតម្លៃខ្ពស់ចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា និងបានកោតសរសើរដល់កម្ពុជា ជាពិសេស ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ដែលបានគ្រប់គ្រងសម្របសម្រួលនូវរាល់បញ្ហាក្តៅៗ និងការប្រឈមនានាប្រកបដោយជោគជ័យ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនេះ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ