រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចឌីជីថល នៃក្រុមប្រទេស G20 នៅប្រទេសឥណ្ឌូនេស៊ី
ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំ គណៈប្រតិភូ ក្រសួងអញ្ជើញ ចូលរួមកិច្ចប្រជុំថ្នាក់ រដ្ឋមន្រ្តី សេដ្ឋកិច្ច ឌីជីថលនៃក្រុមប្រទេស G20 ដែលបានរៀបចំឡើង នៅក្នុងទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។

គួរបញ្ជាក់ថា ក្នុងពិធីនេះ ឯកឧត្តម Johnny Gerard Plate រដ្ឋមន្រ្តីក្រសួងទូរគមនាគមន៍និងបចេ្ចកវិទ្យាព័ត៌មាន នៃប្រទេស ឥណ្ឌូនេស៊ី ដែលជាប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ច ឌីជីថល នៃក្រុមប្រទេស G20 ឆ្នាំ២០២២នេះ បានជួបពិភាក្សា និងរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ក្នុងនាមដែល ប្រទេសកម្ពុជា ជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២២ ស្តីពី លទ្ធផលកិច្ចពិភាក្សាលើសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចឌីជីថលនៃក្រុមប្រទេស G20 ដែលមានខ្លឹមសារ សំខាន់ៗចំនួនបី រួមមាន៖ ១. ការតភ្ជាប់ (Connectivity) .២.អក្ខរកម្ម និងជំនាញឌីជីថល (Digital Skill and Literacy) និង៣. លំហូរទិន្នន័យ (Data Flow)។

ក្នុងឱកាសស្នាក់នៅទីនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ក៏បាន ជួបពិភាក្សាការងារក្នុងក្របខណ្ឌទ្វេភាគីជាមួយប្រទេសជប៉ុន សិង្ហបុរី និង UNESCAP។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែង អំណរគុណនិងបានវាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំរបស់ប្រទេសឥណ្ឌូនេស៊ីប្រកបដោយជោគជ័យ៕ ដោយ៖ ម៉ាដេប៉ូ

