នៅច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត មានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់រូបសំណាកព្រះនរាយណ៍ រង្វង់មូល
បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បាននិមន្តព្រះសង្ឃសូត្រជ័យន្តោ ស្វាធ្យាយបង្កក់ប្រសិទ្ធីសិរីសួស្តី និងរៀបចំពិធីក្រុងពាលី បញ្ចុះបឋមសិលា សាងសង់រង្វង់មូល ច្រកព្រំដែន អន្តរជាតិ ប៉ោយប៉ែត និងតម្កល់រូបសំណាកព្រះវិស្ណុ ឬព្រះនរាយណ៍កម្ពស់ ៨ម៉ែត្រ ៦តឹក ដែលរូបនេះធ្លាប់សាងសង់ពីមុន ហើយរូបនេះក៏ជានិមិត្តរូប (LOGO) នៃក្រុងប៉ោយប៉ែតផងដែរ។

ពិធីនេះបានប្រព្រឹត្តទៅក្រោម អធិបតីភាព ឯកឧត្ដម ខេង ស៊ុម ប្រធាន ក្រុមប្រឹក្សា ខេត្ត ឯកឧត្ដម អ៊ុ រាត្រី អភិបាល ខេត្ត បន្ទាយមានជ័យ លោកប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី និងភាគី ថៃ ។

រង្វង់មូលផ្លូវជាតិលេខ៥នោះ មានទីតាំងនៅមុខតំបន់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតក្នុងភូមិ ប៉ោយប៉ែត សង្កាត់ អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ។

ឯកឧត្ដម អ៊ុ រាត្រី និងមន្ត្រី ពលរដ្ឋមានបំណងធ្វ់ការរៀបចំកសាងរង្វង់មូលនេះ ដោយធ្វើសំណង់ផ្ទៃរាបនិងរបងទាប បង្គោលទង់ជាតិ រៀបសួនដាំស្មៅ រុក្ខជាតិ ផ្កាចម្រុះយ៉ាងស្ស់ឆើតឆាយជាដើមដើម្បីរួមចំណែកលើកកម្ពស។សោភ័ណភាពតំបន់ច្រកទ្វារព្រំដែននៃព្រះរាជាណាកម្ពុជារបស់យើងដែលស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិនិងលំអរ ក្នុងភូមិសាស្ត្រក្រុងឲ្យកាន់តែស្រស់ស្អាតថែមទៀត។ ហើយនៅត្រង់ជិតផ្ចិតរង្វង់មូល ក៏មានតម្កល់រូបចម្លាក់ព្រះនរាយណ៍ធ្វើពីថ្មភក់កម្ពស់ ៨ម៉ែត្រ ៦តឹក មួយ ។ ក្នុងនោះនៅស្ទើរពាក់កណ្តាលរង្វង់មូលត្រូវទុកចន្លោះសម្រាប់ផ្លូវដែកទិសខាងជើងនៃប្រទេសកម្ពុជាឬផ្លូវដែកខ្សែទី១ ហើយជាផ្លូវដែកភ្ជាប់ទៅប្រទេសថៃ និងប្រទេសក្នុងតំបន់ធអាស៊ានឆ្លងកាត់ផងដែរ ។

ពោលគឺសំណង់និងការរៀបចំសួនរង្វង់មូលប៉ោយប៉ែតនេះធ្វើស្របតាមស្តង់ដារអន្តរជាតិ ដែលក្រសួងសាធារណការ និងដឹកជញ្ជូននិងក្រសួងមហាផ្ទៃកម្ពុជាបានណែនាំ ។ វាមិនធំខ្ពស់ បាំងដូចកាលពីសំណង់រង្វង់ឋានសួគ៌ដែលអាជ្ញាធរមុននៃក្រុងប៉ោយប៉ែតសាងសង់ដ៏ធំនោះទេ ។ រដ្ឋបាលខេត្តបានជម្រុញឱ្យអ្នកទទួលស្ថាបនាត្រូវខិតខំអនុវត្តឱ្យបានល្អប្រសើរ ទាន់ពេលដូចគ្រោងទុក ៕ ដោយ៖ឃិន គន្ធា
