យុទ្ធនាការរៀបចំសណ្តាប់ធ្នាប់នៅអង្គរឈានដល់ថ្ងៃទី១៤ (Video Inside)
យុទ្ធនាការរៀបចំសណ្តាប់ធ្នាប់នៅតំបន់រមណីយដ្ឋានអង្គរបានឈានចូលដល់ថ្ងៃទី១៤ ហើយ។ មនុស្សជាង៩០០គ្រួសារដែលស្ម័គ្រចិត្ត ត្រូវបានបញ្ជួនឱ្យទៅរស់នៅលើដីថ្មី នៃភូមិធម្មជាតិរុនតាឯក នៃស្រុកបន្ទាយស្រី ទន្ទឹមនឹងសំណង់ខុសច្បាប់ជាច្រើនត្រូវបានរើចេញ ដើម្បីការរៀបចំសណ្តាប់ធ្នាប់តាមស្តង់ដាកំណត់របស់អង្គការយូណេស្កូ។
តំបន់រមណីយដ្ឋានអង្គរ ត្រូវបានអង្គការយូណេស្កូចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅទី ក្រុង «សាន់តាហ្វេ» សហរដ្ឋអាមេរិកនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ។ ក្នុងន័យនេះ តំបន់ការពារ បេតិកភណ្ឌក្នុងបរិវេណអង្គរទំហំ៤០១គីឡូម៉ែត្រក្រឡា ត្រូវបានការពារយ៉ាងម៉ឺងម៉ាត់ដោយ មិនត្រូវមានការខ្វៀលដី ឬផ្ដល់ឱ្យប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធិណាមួយឡើយ។
កាលពីថ្ងៃទី៣១ សីហា លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលជារដ្ឋមន្រ្តីក្រសួងរៀបចំដែន ដីនគរូបនីយកម្ម និងសំណង់ និងរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានចុះពិនិត្យទីតាំងរៀបចំ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងបានជួបសំណេះសំណាលជាមួយពលរដ្ឋក្នុង ភូមិ ស្រះស្រង់ត្បូង, ភូមិទក្សិណខាងត្បូង, និងភូមិត្រពាំងសេស ដែលស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា ក្នុងក្រុងសៀមរាបនៃខេត្តសៀមរាប។
យុទ្ធនាការរៀបចំសណ្តាប់ ធ្នាប់នៅតំបន់រមណីយដ្ឋានអង្គរនេះ ត្រូវគេរំពឹងថានឹងបញ្ចប់នៅថ្ងៃទី២កញ្ញាដែលគម្រប់ រយៈពេល១៥ថ្ងៃ។