របាយការណ៍៖ ប្រាំបីខែ នៃឆ្នាំ២០២២ រន្ទះបាញ់សម្លាប់ មនុស្ស៤៨នាក់ ខណៈជំនន់ទឹកភ្លៀងសម្លាប់ មនុស្សប្រាំបួននាក់

ភ្នំពេញ៖ នៅទូទាំងប្រទេសកម្ពុជារន្ទះបាញ់បានសម្លាប់មនុស្ស យ៉ាងហោចណាស់៤៨នាក់ខណៈជំនន់ទឹកភ្លៀង សម្លាប់មនុស្ស ប្រាំបួននាក់។ នេះបើតាមកំណត់ហេតុនៃ របាយការណ៍ គ្រោះមហន្តរាយធម្មជាតិគិតត្រឹមដំណាច់ ខែសីហា ឆ្នាំ២០២២ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ មនុស្សស្លាប់ដោយសាររន្ទះបាញ់ មានការថយចុះ ចំនួន៦៨ នាក់។

លោក សុទ្ធ គឹមកុលមុនី ប្រធាននាយកដ្ឋានផែនការនិង ស្រាវជ្រាវនិងជាអ្នកនាំពាក្យគណៈកម្មការជាតិគ្រប់គ្រង គ្រោះមហន្តរាយមានកង្វល់ចំពោះមនុស្សស្លាប់ដោយសារជំនន់ទឹកភ្លៀងព្រោះមានកុមារប្រាំមួយនាក់បានស្លាប់ដែលជាចំនួនមួយច្រើន ខណៈមនុស្សចាស់មានស្លាប់បីនាក់។

លោកបាននិយាយថា«ការស្លាប់របស់កូនក្មេងដោយសារការធ្វេសប្រហែសបណ្ដោយឲ្យពួកគេទៅលេងទឹកជំនន់ ហើយករណី ខ្លះជំនន់ហូរខ្លាំងគួចពួកគេទៅ។តាំងដើមឆ្នាំមកខេត្ត ចំនួន១៩ បាន រងផលប៉ះពាល់ជំនន់ទឹកភ្លៀងក្នុងកម្រិតស្រាល និងមធ្យម ។»

អ្នកនាំពាក្យគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាន អំពាវនាវឲ្យអាណាព្យាបាល បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ កុំបណ្ដោយកុមារលេងទឹកដែលចាលឡើងពីជំនន់ទឹកភ្លៀង។ បើតាម លោក សុទ្ធ គឹមកុលមុនី គ្រោះមហន្តរាយជំនន់ទឹកភ្លៀង ឆ្នាំ២០២២នេះ មានស្ថានភាពអាក្រក់ជាងឆ្នាំ២០២១ គួរឲ្យកត់ សម្គាល់។

ក្រៅពីអ្នកស្លាប់មានពលរដ្ឋជាងពីរម៉ឺនគ្រួសារឬចំនួនជាងប្រាំបីម៉ឺននាក់បានរងផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ គិតត្រឹម ដំណាច់ខែសីហា។ ក្នុងនោះ លំនៅដ្ឋានលិច ទឹកមានជាងបីពាន់ ខ្នង សាលារៀន១៤កន្លែង វត្តអារាម៧កន្លែង។ទន្ទឹមនឹងនេះវិស័យកសិកម្មក៏រងផលប៉ះពាល់ធ្ងន់ធ្ងរដែរដោយដំណាំស្រូវលិចទឹកមានជិតបីម៉ឺនហិកតាដំណាំរួមផ្សំលិចទឹកជិតប្រាំពាន់ហិកតាខណៈសត្វពាហនៈជាងបីពាន់ក្បាលត្រូវបានជម្លៀសមកដីគោក។ រីឯហេដ្ឋារចនាសម្ព័ន្ធពិសេសផ្លូវថ្នល់ដែលរងការខូចខាតមានចំនួនជាង៥៥គីឡូម៉ែត្រ។

ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី០៦ ខែកញ្ញាឆ្នាំ ២០២២នេះ បានព្រមានថា ជំនន់ទឹកភ្លៀងអាចនឹងកើតមាននៅ រវាងថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែកញ្ញា។ ក្រសួងអំពាវនាវឲ្យ ប្រជាពលរ ដ្ឋរស់នៅតាម បណ្តាខេត្តក្នុងភូមិសាស្ត្រជាប់តំបន់ ជួរភ្នំទីទំនាប និងជាប់ផ្លូវទឹក ត្រូវបង្កើនការប្រយ័ត្នខ្ពស់ ចំពោះ ជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែកញ្ញា ខណៈផ្ទៃ សមុទ្រ មានភ្លៀងខ្យល់និងរលកសមុទ្រខ្ពស់ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែកញ្ញា៕ ដោយ៖ អេង រាជនី
រូបថត៖ទឹកជំនន់នៅខេត្តបន្ទាយមានជ័យ (រូបថត រដ្ឋបាលខេត្តបន្ទាយមានជ័យ)

ads banner