នាយករដ្ឋមន្ដ្រីអង់គ្លេសថ្មី លោកស្រី ត្រាស ត្រូវរែកបន្ទុក សេដ្ឋកិច្ច ធ្ងន់ធ្ងរបន្តពីលោក ប៊ូរីស ចនសុន
អង់គ្លេស៖ បន្ទាប់ពីចំណាយពេលអស់ជាច្រើនសប្ដាហ៍ ក្នុងការប្រកួតប្រជែងគ្នារកសំឡេងគាំទ្រ ទីបំផុតរដ្ឋមន្រ្តីក្រសួងការបរទេស លោកស្រី លីហ្ស ត្រាស (Liz Truss) ក៏បានយក ឈ្នះអតីតក្រសួងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក រីស៊ី ស៊ូណាក់ (Rishi Sunak) ដើម្បីស្នងតំណែងជានាយករដ្ឋមន្រ្តីអង់គ្លេស បន្តពីលោក ប៊ូរីស ចនសុន (Boris Johnson)។
ពីក្នុងចំណោមសមាជិក នៃគណបក្សអភិរក្សនិយមជាង ២០០ ០០០ នាក់ ដែលមានសិទ្ធិបោះឆ្នោត នៅទូទាំងចក្រភព អង់គ្លេស លោកស្រី ត្រាស ទទួលបានការគាំទ្រចំនួន ៨១ ៣២៦ សំឡេង លើសលោក ស៊ូណាក់ ដែលទទួលបាន ៦០ ៣៩៩សំឡេងក្នុងការបោះឆ្នោតដែលបញ្ចប់កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ នេះបើតាមការប្រកាសជាផ្លូវការ ពីប្រធាន គណៈកម្មាធិការ ឆ្នាំ១៩២២ របស់គណបក្សអភិរក្សនិយម លោក Sir Graham Brady កាលពីល្ងាចថ្ងៃចន្ទ (ម៉ោងនៅកម្ពុជា) ទី០៥ ខែកញ្ញា។
ខណៈដែលលោកស្រី ត្រាស ត្រូវចាប់ផ្ដើមអាណត្តិ ២ ឆ្នាំរបស់ ខ្លួនពីថ្ងៃអង្គារនេះតទៅ នាយករដ្ឋមន្រ្តីអង់គ្លេសថ្មីថ្មោងរូបនេះ ក៏នឹងត្រូវទទួលអម្រែកដ៏ធ្ងន់ធ្ងរបន្តពីលោក ចនសុន ដែល លាលែងចេញពីដំណែងកាលពីខែកក្កដាដោយសារតែការបះបោរពីសមាជិកសភាក្នុងបក្សអភិរក្សនិយមរបស់លោក។
ចង់ឬមិនចង់ លោកស្រី ត្រាស់ នឹងត្រូវដោះស្រាយបន្ទុក សេដ្ឋកិច្ច ដ៏ធ្ងន់ធ្ងររបស់ប្រទេស ដែលប្រឈមមុខនឹងកំណើន អតិផរណា ក្នុងអត្រាដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេល ៤០ ចុងក្រោយ ដោយសារតែការហក់ឡើងនៃតម្លៃថាមពល ដែលធ្វើឱ្យតម្លៃនៃការររស់នៅ ឬការចំណាយរបស់ប្រជាជន ប្រចាំថ្ងៃ កើនឡើងខ្ពស់។
ក្រោយការឈ្នះការបោះឆ្នោត លោកស្រី ត្រាស បានប្ដេជ្ញាថា នឹង គ្រប់គ្រងព្រមទាំងដោះស្រាយបញ្ហារបស់ប្រទេសឱ្យបាន នៅចំពោះមុខវិបត្តិថាមពល ដែលអាចនឹងត្រូវជួបវិបត្តិនៃការ ផ្គត់ផ្គង់ ក្នុងរយៈពេលវែង»។
ជាការពិតណាស់ វាជាអ្វីដែលលោកស្រី ត្រាសនឹងត្រូវតែ ដោះស្រាយក្នុងនាមជានាយករដ្ឋមន្រ្តីរបស់អង់គ្លេសថ្មី ប៉ុន្តែវាក៏មានភាពស្មុគស្មាញដ៏គួរឱ្យឈឺក្បាលវិលមុខផងដែរ នៅពេលដែលសង្គាមនៅអ៊ុយក្រែន ដែលធ្វើឱ្យតម្លៃថាមពល ទូទាំងពិភពលោក ជាពិសេសទ្វីបអឺរ៉ុប ហក់ឡើងខ្ពស់ ត្រដែត នោះ នៅតែបន្តអូសបន្លាយ។
ស្របពេលដែលសម្ព័ន្ធមិត្តនៅប្លុកអឺរ៉ុប ភ័យព្រួយពីលទ្ធភាព នៃការកាត់ផ្ដាច់ថាមពលពីរុស្ស៊ី និងផលវិបាកសេដ្ឋកិច្ច នៃទង្វើនេះ ការព្យាករទុកអំពីកំណើនសេដ្ឋកិច្ច អង់គ្លេសក៏ ថយចុះ បន្ទាប់ពីលោក ចនសុន ប្រកាសលាលែងចេញពី តំណែង ជាផ្លូវការ។ អតិផរណាប្រចាំឆ្នាំរបស់អង់គ្លេស បាន កើនឡើងដល់ ១០,១ ភាគរយនៅខែកក្កដា ដែលជា អត្រាដ៏ខ្ពស់និងអាក្រក់បំផុត រាប់តាំងពីឆ្នាំ ១៩៨២ ហើយអត្រា នេះនឹងហក់ឡើងបន្តទៀត។
កាលពីដើមខែសីហា ធនាគារអង់គ្លេសលើកឡើងថា អតិផរណា អាចនឹងហក់ឡើងដល់ ១៣ ភាគរយនៅចុងឆ្នាំ ២០២២ ប្រសិន បើវិបត្តិប្រេងកាតនៅតែបន្តតឹងតែង។ ចំណែកការព្យាកររបស់ក្រុមហ៊ុនធនាគារវិនិយោគអាមេរិក Citigroup គឺកាន់តែយ៉ាប់យឺនជាងនេះទៅទៀត ដោយ អតិផរណា នៅចក្រភពអង់គ្លេសទំនងជាអាចឡើងដល់ ១៨ ភាគរយ នៅដើមឆ្នាំ ២០២៣ ខណៈក្រុមហ៊ុន Goldman Sachs ព្រមានថា អត្រានេះអាចនឹងឡើងដល់ ២២ ភាគរយ ប្រសិនបើតម្លៃឧស្ម័នធម្មជាតិ «នៅតែបន្តកើនឡើងក្នុង កម្រិត បច្ចុប្បន្ន»។
នៅអង់គ្លេស ការកើនឡើងនៃតម្លៃថាមពល អាចបង្កនឹងឱ្យមាន ការបិទអាជីវកម្មទ្រង់ទ្រាយធំ និងបង្ខំឱ្យមនុស្សរាប់លាននាក់ សម្រេចចិត្តជ្រើសរើសរវាងការចំណាយលើស្បៀង និង ថាមពល នៅក្នុងរដូវរងាខាងមុខ។
កន្លងមក លោកស្រី ត្រាស បានប្តេជ្ញាថានឹងចាប់ផ្តើមបន្ធូរ បន្ថយបន្ទុកសេដ្ឋកិច្ច ដោយការកាត់បន្ថយពន្ធ។ ប៉ុន្តែអ្នក សេដ្ឋកិច្ចជាច្រើនបង្ហាញការព្រួយបារម្ភថា វិធីសាស្រ្តនេះ អាចជំរុញអតិផរណាឲ្យកើនឡើងកាន់តែខ្លាំង និង ប៉ះពាល់ដល់ហិរញ្ញវត្ថុសាធារណៈដែលផុយស្រួយ។
លោក Jonathan Marshall សេដ្ឋវិទូជាន់ខ្ពស់នៅ វិទ្យាស្ថានស្រាវជ្រាវ Resolution Foundation បានពន្យល់ប្រាប់បណ្ដាញព័ត៌មាន CNN និយាយថា៖ «អត្ថប្រយោជន៍នៃការកាត់ [ពន្ធ] ភាគច្រើន នឹងបានទៅ លើមនុស្សដែលបង់ពន្ធច្រើន ដែលជាទូទៅ គឺជាមនុស្ស ដែលមានចំណូលច្រើនជាង»។
បន្ថែមពីលើនេះ និពន្ធនាយកនៃទស្សនាវដ្តីអង់គ្លេស New Statesman លោក Will Dunn បានសរសេរពន្យល់ ក្នុងអត្ថបទវិភាគមួយរបស់លោកថា ការអះអាងរបស់លោកស្រី ត្រាស នាពេលកន្លងមក ដែលថា ការកាត់បន្ថយពន្ធ នឹងជួយ ទប់ទប់អតិផរណា ដោយជំរុញអាជីវកម្ម និងជួយដល់ ផ្នែកផ្គត់ផ្គង់នៃសេដ្ឋកិច្ច គឺជាការលើកឡើងមិន សមហេតុផល ទេ។ លោក Dunn បន្ថែមថា នោះគឺដោយសារតែអតិផរណា បច្ចុប្បន្ន រុញច្រានដោយតម្លៃថាមពលខ្ពស់ កង្វះខាតតាមតម្រូវ និងការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ ហើយការបង្កើនការផ្គត់ផ្គង់ នឹងធ្វើឱ្យតម្រូវការមានតុល្យភាព។
យ៉ាងណាមិញ លោក Dunn បានលើកឡើងពីជ្រុងផ្សេង ទៀតថា៖ «ទោះបីជាអាជីវកម្មសម្រេចចិត្តវិនិយោគឡើងវិញ នូវប្រាក់ដែលពួកគេសន្សំពីពន្ធសាជីវកម្មទាបក្ដី វាក៏នឹងបង្កើត តម្រូវការកាន់តែច្រើនឡើង ពីព្រោះអាជីវកម្មក៏ជាអ្នកប្រើប្រាស់ ផងដែរ។ អាជីវកម្មមិនអាចគ្រាន់តែបង្កើនការផ្គត់ផ្គង់ ពីកន្លែង ណានោះទេ។ ដូច្នេះ ការកាត់ពន្ធមិនត្រឹមតែជួយអ្វីមិនបានទេ វាថែមទាំងអាចបង្កើតអតិផរណាបន្ថែមទៀត»។ និពន្ធនាយកដដែលបន្ថែមថា នៅពេលមនុស្សមិនសូវបង់ពន្ធ ប្រាក់របស់គេនឹងកើនឡើង ដែលធ្វើឱ្យការចំណាយ និង តម្រូវការ ឡើងខ្ពស់ ហើយបន្ថែមសម្ពាធលើតម្លៃផលិតផល ប្រើប្រាស់ទូទៅ។
ប៉ុន្តែប្រសិនបើការកាត់ពន្ធនោះ ធ្វើឡើងចំពោះមុខទំនិញ ជាក់លាក់ ដូចជាប្រេងសាំងជាដើម នោះវាអាចនឹងធ្វើឱ្យកិច្ច ប្រឹងប្រែងបន្ធូរបន្ធយអតិផរណាមានប្រសិទ្ធិភាព។ នេះបើតាម លោក Dunn។
សម្រាប់រដ្ឋាភិបាល ក្រោមការគ្រប់គ្រងរបស់លោកស្រី ត្រាស គ្មានវិធីណាដើម្បីបន្ថយបន្ទុកដោយត្រូវចំណាយលុយច្រើននោះទេ ប៉ុន្តែវិធានការកំណត់គោលដៅ នឹងចាំបាច់ដើម្បីជៀសវាង ការចំណាយខ្ជះខ្ជាយ ខណៈដែលបំណុលជាតិឥឡូវនេះ ស្ទើរតែស្មើនឹងផលិតផលក្នុងស្រុកសរុប។
យោងតាមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានសម្រាប់រដ្ឋាភិបាល ការបង្កកតម្លៃហ្គាស និងអគ្គិសនីក្នុងនារដូវរងាខាងមុខ អាច ធ្វើឱ្យរដ្ឋាភិបាលខាតបង់ប្រាក់ជាង ១១៦ ប៊ីលានដុល្លារ។ យ៉ាងណាមិញ មានសេចក្ដីរាយការណ៍ថា លោកស្រី ត្រាស នឹងបង្កកការបង់ថ្លៃថាមពល ដើម្បីដោះស្រាយបន្ទុកនៃការ ចំណាយរបស់ប្រជាជន។
កាលពីចុងខែសីហា និយ័តករថាមពលរបស់អង់គ្លេសឲ្យដឹងថា ចាប់ពីខែតុលាទៅប្រជាជនអង់គ្លេសនឹងត្រូវចំណាយប្រាក់លើថាមពលចំនួន ៤ ១០៦ ដុល្លារ ជាមធ្យមក្នុងមួយឆ្នាំ ដែលចំនួន កើនឡើង ៨០ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។
នៅចំពោះមុខបញ្ហានេះ លោកសេដ្ឋវិទូ Marshall ផ្ដល់ យោបល់ ថា៖ «ថាមពលមានតម្លៃថ្លៃ ហ្គាសក៏មានតម្លៃថ្លៃ។ ដើម្បីកុំឱ្យប្រជាជនរស់នៅក្នុងភាពត្រជាក់ រដ្ឋាភិបាលត្រូវតែ បង់ថ្លៃជំនួស។ ប៉ុន្តែរដ្ឋមិនចាំបាច់បង់ថ្លៃឱ្យមនុស្សដែល មាន លទ្ធភាពបង់ខ្លួនឯងនោះទេ»៕ ដោយ៖ ហួន ឌីណា