សម្តេចតេជោបានព្រមានមនុស្សប្រើឈ្មោះបន្លំជាប្អួនជីដូនមួយ (Video Inside)

បុរសម្នាក់ដែលបានបន្លំខ្លួនជាប្អូនជីដូនមួយរបស់សម្តេចតេជោ បានរងការព្រមានត្រូវ បញ្ឈប់នូវអំពើក្លែងបន្លំនោះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចមានប្អូនជីដូនមួយម្នាក់ឈ្មោះ ហ៊ុន វិបុល ប៉ុន្តែប្អូនប្រុសជីដូនមួយនោះ ត្រូវបានប៉ុលពតសម្លាប់តាំងពី៤៤ឆ្នាំមុនមកម្ល៉េះ។

ប្រសាសន៍បញ្ជាក់របស់សម្តេចតេជោនៅថ្ងៃទី៦ កញ្ញា ឆ្នាំ២០២២នេះ បានធ្វើឡើងបន្ទាប់ពីមានមនុស្សម្នាក់ឈ្មោះ ហ៊ុន វិបុល ដែលបានធ្វើសកម្មភាពយកឈ្មោះជា បងប្អួនជីដូនមួយសម្តេចនោះ បង្កជាអំពើកុហកបោកប្រាស់អ្នកដទៃ។ សម្តេចតេជោបានសរសេរក្នុងបណ្តាញសង្គមថ្ងៃទី៦ កញ្ញា បញ្ជាក់ប្រាប់ពលរដ្ឋថា «ដើម្បីបញ្ចប់នៅសកម្មភាព បោកប្រាស់របស់ឈ្មោះ ហ៊ុន វិបុល ដែលបន្លំខ្លួនថាជាប្អូនជីដូនមួយរបស់ខ្ញុំ ពេលនេះខ្ញុំសូមបញ្ជាក់ជូនថា ខ្ញុំពិតជាមានប្អូនជីដូនមួយម្នាក់ឈ្មោះ ហ៊ុន វិបុល ពិតមែន តែប្អូនប្រុសរបស់ខ្ញុំត្រូវបានពួក ប៉ុល ពត សម្លាប់តាំងពី៤៤ឆ្នាំមុនមកម្ល៉េះ»។

សម្តេចបានសរសេរបន្តថា មានការណែនាំប្រាប់ឈ្មោះ ហ៊ុន វិបុល នោះតាមរយៈទូរស័ព្ទ ចំនួន២លើករួចមកហើយ តែមនុស្សនេះ នៅតែបន្តតាំងខ្លួនជាប្អូនជីដូនមួយរបស់សម្តេចមិនព្រមឈប់ ដែលប្រការនេះជារឿងអាចបង្កឱ្យមានការភ័ន្តច្រឡំថា សម្តេចជាមនុស្សមិនរាប់អានបងប្អូន។

សម្តេចបានថ្លែងថាសម្តេចដែលបានក្រាញននៀលរួមរស់នៅជាមួយប្រជាជន ក្នុងគ្រប់កាលៈទេសៈ និងគ្រប់ស្រទាប់ ក្នុងសង្គមដោយគ្មានការរើសអើង គឺជាមនុស្សដែល រាប់ញាតិណាស់ ហើយហេតុអ្វីបែរជាសម្តេចបែរជាបោះបង់ចោលប្អូនជីដូនមួយម្នាក់ ដែល សម្តេចតែងនឹកគេទាំងយប់ទាំងថ្ងៃនោះ?។ សម្តេចបានប្រាប់ឈ្មោះ ហ៊ុន វិបុល នោះថាសូម បញ្ឈប់សកម្មភាពបោកប្រាស់ត្រឹមនេះចុះ បើមិនចង់មានរឿង៕

ads banner