អតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន បានទទួលការជួយឧបត្ថម្ភពីសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី បន្តនាំយកអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនអតីតយុទ្ធជនពិការនិងគ្រួសារអតីតយុទ្ធជនពលី ដែលមានជីវភាពលំបាកខ្វះខាតចំនួន ១២គ្រួសារ រស់នៅ ក្រុងស្ទឹងសែន ក្នុងមួយគ្រួសារ អង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ត្រី ខ កំប៉ុង ចំនួន ១យួរ និង ថវិកាមួយ ចំនួន នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មានប្រសាសន៍ថា វីរៈភាពដ៏អង់អាចក្លាហាន របស់បងប្អូនអតីតយុទ្ធជន មកលើប្រទេសជាតិ គឺជាគុណបំណាច់ដ៍ធំធេង ដែលបានបូជាពលីកម្ម ទោះជីវិតក៏ឥតស្តាយស្រណោះ ដើម្បីដណ្តើមសន្តិភាព ជូនជាតិមាតុភូមិ ដោយអនុវត្តន៍នូវនយោបាយឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមដ៍រ៉ាំរ៉ៃនៅកម្ពុជា និងបង្រួបបង្រួមជាតិខ្មែរតែមួយ ទើបប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ ។

ក្នុងនោះក៏បានសំណូមពរដល់បងប្អូនអតីតយុទ្ធជន ថែរក្សាសុខភាពឲ្យបានល្អ និងខិតខំបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វ ប្រកបមុខរបររកទទួលទាន ដោយសុច្ចរិតទៀងត្រង់ ស្របតាមច្បាប់របស់រដ្ឋនិងត្រូវចូលរួមអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាព ។

លោកពលបាលឯក មុត ធឿន ជាអតីត យុទ្ធជនពិការ ដោយសារសង្គ្រាម តំណាងឲ្យអតីតយុទ្ធជន នៅក្រុងស្ទឹងសែន បានគោរពថ្លែងអំណរគុណ សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធណ្ឌិត ព្រមទាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ រួមនិងក្រុមការងាររបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលតែងតែយកចិត្តទុកដាក់ជួយដោះស្រាយរាល់ទុក្ខលំបាកខ្វះខាតរបស់បងប្អូនអតីតយុទ្ធជន នៅគ្រប់ពេលវេលានិងគ្រប់ទីកន្លែង ក្នុងខេត្តកំពង់ធំ ៕
ដោយ ប៊ុន រដ្ឋា

ads banner