សហរដ្ឋអាមេរិកថា រុស្ស៊ីកំពុងព្យាយាមទិញសម្ភារៈយោធាពីអ៊ីរ៉ង់ និងកូរ៉េខាងជើង ដើម្បីធ្វើសង្គ្រាមនៅអ៊ុយក្រែន

វ៉ាស៊ីនតោន៖ រដ្ឋាភិបាលអាមេរិកលើកឡើងថា រុស្ស៊ីបាននិងកំពុងឈានទៅរកទិញគ្រឿងសព្វាវុធពីប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងជើង ខណៈដែលខ្លួនរងការខាតបង់សម្ភារៈយោធា និងបុគ្គលិកយ៉ាងធ្ងន់ធ្ងរក្នុងសង្គ្រាមអ៊ុយក្រែន ខណៈដែលកងកម្លាំងទីក្រុងកៀវ កំពុងបន្តការវាយលុករបស់ពួកគេនៅក្នុងតំបន់ភាគខាងត្បូង រួមទាំងតំបន់ Kherson ផងដែរ។

មន្ត្រីសេតវិមានជាន់ខ្ពស់មួយរូប ក្នុងលក្ខខណ្ឌមិនបញ្ជាក់អត្តសញ្ញាណបាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា រុស្ស៊ីកំពុងព្យាយាមទិញកាំភ្លើងធំ និងគ្រាប់រ៉ុក្កែតរាប់លានគ្រាប់ពីកូរ៉េខាងជើងសម្រាប់ធ្វើសង្គ្រាមនៅអ៊ុយក្រែន ហើយថា ប្រការនេះបង្ហាញថា រុស្ស៊ីកំពុងរងការខ្វះខាតគ្រឿងសព្វាវុធ។

ដោយឡែកអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានប្រាប់អ្នកសារព័ត៌មានថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងណែនាំរដ្ឋាភិបាលឱ្យបង្កើតការធានាការងារសម្រាប់ពលរដ្ឋដែលមានបំណងចង់ចូលរួមនៅក្នុងអ្វីដែលគេហៅថា “ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន”របស់រុស្ស៊ី។

ពាក់ព័ន្ធនឹងរឿងនេះដែរ វិទ្យាស្ថាន Think Tank ដែលសិក្សាផ្នែកសង្គ្រាម មានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានចង្អុលបង្ហាញថា ការិយាល័យប្រធានាធិបតីរុស្ស៊ីបានចាប់ផ្តើមធានាដល់អ្នកស្ម័គ្រចិត្ត ខណៈដែលរុស្ស៊ីទទួលរងនូវការបាត់បង់បុគ្គលិកយ៉ាងធ្ងន់ធ្ងរដោយសារជម្លោះនៅអ៊ុយក្រែន៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner