លោក បូរីស ចនសុន ថ្លែងសន្ទរកថា ចុងក្រោយ មុនពេលចុះចេញពីតំណែងនាយករដ្ឋមន្រ្តីអង់គ្លេស
ឡុងដ៍៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បានថ្លែងសុន្ទរកថាចុងក្រោយរបស់លោក មុនពេលចុះចេញពីតំណែង ដោយលោកបានសង្កត់ធ្ងន់លើសមិទ្ធិផលរបស់គាត់ ហើយបានអំពាវនាវឱ្យមានការគាំទ្រលោកស្រី លីស ត្រាស់ ដែលនឹងជំនួសតំណែងរបស់គាត់។
នាយករដ្ឋមន្ត្រីអង់គ្លេសដែលកំពុងចាកចេញពីតំណែងរូបនេះ បាននិយាយនៅចំពោះមុខបុគ្គលិក និងអ្នកយកព័ត៌មាននៅខាងក្រៅវិមាន Downing Street នៅថ្ងៃអង្គារសប្តាហ៍នេះថា តាមរយៈទ្វារខ្មៅនោះ នាយករដ្ឋមន្ត្រីថ្មីនឹងទៅជួបក្រុមមន្ត្រីរាជការដ៏អស្ចារ្យមួយក្នុងពេលឆាប់ៗនេះ ។
លោក ចនសុន បន្តថា ពួកគេបានអនុវត្តការចាកចេញពីសហភាពអឺរ៉ុប ដោយបានចែកចាយវ៉ាក់សាំងលឿនបំផុតនៅក្នុងទ្វីបអឺរ៉ុប និងរៀបចំការផ្គត់ផ្គង់អាវុធដំបូងដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ។
លោក ចនសុន បានសង្កត់ធ្ងន់ថា វិបត្តិថាមពលនាពេលបច្ចុប្បន្ននេះ គឺបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន លោកថា លោកស្រី លីស ត្រាស់ និងរដ្ឋាភិបាលអភិរក្សដែលមានចិត្តមេត្តានេះ នឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើបាន ដើម្បីឱ្យប្រជាជនឆ្លងកាត់វិបត្តិនេះ។ ហើយប្រទេសនេះនឹងស៊ូទ្រាំនឹងវា ហើយយើងនឹងឈ្នះ។
នៅចុងបញ្ចប់នៃសុន្ទរកថា របស់ខ្លួន លោក ចនសុន បានថ្លែងអំណរគុណដល់អ្នកបោះឆ្នោតដែលបានផ្តល់ឱកាសឱ្យគាត់បានបម្រើពួកគេ ហើយលោកបានអំពាវនាវឱ្យត្រួសត្រាយផ្លូវ នៃភាពរុងរឿងសម្រាប់ពេលបច្ចុប្បន្ន និងសម្រាប់មនុស្សជំនាន់ក្រោយ ។
បន្ទាប់មក លោក ចនសុន បានធ្វើដំណើរទៅកាន់ប្រាសាទ Balmoral ក្នុងប្រទេសស្កុតឡែន ដើម្បីរាយការណ៍ពីការលាលែងតំណែងរបស់គាត់ទៅកាន់ម្ចាស់ក្សត្រី Elizabeth II ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា


