រដ្ឋមន្ត្រីក្រសួងកសិកម្ម នាំយកគ្រឿងបរិភោគ ជូនកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងការដាំកូនឈើ ជីកស្រះ និងធ្វើរបងនៅតំបន់ភ្នំតាម៉ៅ តមតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន
ខេត្តតាកែវ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមជាមួយឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចុះមកសាកសួរសុខទុក្ខ និងនាំយកគ្រឿងបរិភោគមកជូនកងកម្លាំងបញ្ជា ការដ្ឋានអង្គរក្ស ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងការដាំកូនឈើ ជីកស្រះ និងធ្វើរបងនៅតំបន់ភ្នំតាម៉ៅ តមតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
សកម្មភាពនេះ ស្ថិតក្រោមការដឹកនាំ និងអនុវត្តផ្ទាល់ពីនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានកងអង្គរក្ស និងទទួលបានកិច្ចសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលព្រៃឈើ។ គ្រឿងឧបភោគ បរិភោគ សរុបរួមមានត្រីចំនួន២តោន និងបន្លែ១តោន យកមកជូនកងកម្លាំងបញ្ជាការដ្ឋានអង្គរ័ក្ស ។
ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ជូនចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ដែលបានដឹកនាំកងកម្លាំងបញ្ជាការដ្ឋាន មកបំពេញបេសកកម្មដ៏សំខាន់ និងចាំបាច់ដោយបានលះបង់គ្រប់បែបយ៉ាងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីធ្វើការសម្អាត ដាំកូនឈើ ធ្វើរបង និងជីកស្រះនៅតំបន់នេះឡើងវិញ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ក៏បានថ្លែងអំណរគុណដល់ឯកឧត្តមប្រតិភូ មន្ត្រីក្រោមឱវាទក្រសួង និងសប្បុរសជនទាំងអស់ដែលបានជួយគិតគូរ ចូលរួមដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃដល់កងបញ្ជាការដ្ឋាអង្គរក្សដែលឈរជើងប្រចាំការនៅទីនេះ តាមរយ:ផ្តល់ជាស្បៀង និងគ្រឿងឧបភោគដូចជា អង្ករ ទឹកក្រូច ទឹកសុទ្ធ ត្រី សាច់ បន្លែ និងស៊ុត ៕ សេឌី




