កម្ពុជារៀបចំកម្មវិធីពិសារអាហារពេលល្ងាចនៅប្រាសាទក្រវ៉ាន់ទឹកដីអង្គរខេត្តសៀមរាប សម្រាប់ភ្ញៀវបរទេសដែលបានចូលរួម សន្និសីទអន្តរជាតិ ស្តីពីការការពារ និងការទប់ស្កាត់ការជួញដូរ ចរាចរ សម្បតិ្តវប្បធម៌ខុសច្បាប់ ទស្សនៈពីអាស៊ាន
កម្មវិធីទទួលទានអាហារពេលល្ងាច នាប្រាសាទក្រវ៉ាន់ គឺសបង្ហាញឱ្យឃើញពីភាពរឹងមាំនៃចំណងសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការក្នុងការអភិរក្ស និងកិច្ចការពារបេតិកភណ្ឌវប្បធម៌។ នេះបើតាមប្រសាសន៍លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុក វប្បធម៌និង សិល្បៈ(AMCA)ថ្លែងស្វាគមន៍ទៅកាន់ក្រុមប្រតិភូអាស៊ាន តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និងអង្គទូតនានា ព្រមទាំង គណៈប្រតិភូពីប្រទេសនិងរដ្ឋនានា ចូលរួមក្នុងកម្មវិធីពិសារអាហារពេលល្ងាចនៅប្រាសាទក្រវ៉ាន់ទឹកដីអង្គរខេត្តសៀមរាប ក្នុងឱកាសសន្និសីទអន្តរជាតិ ស្តីពីការការពារ និងការទប់ស្កាត់ការជួញដូរចរាចរ សម្បតិ្តវប្បធម៌ខុសច្បាប់ ទស្សនៈពីអាស៊ាន។
លោកជំទាវមានប្រសាសន៍ថា សំណាង ជោគជ័យ សុភមង្គល ជ័យជំនះ! ពាក្យទាំងនេះជាពរជ័យដែលបានដកស្រង់ចេញពី សិលាចារឹករបស់ព្រះមហិន្ទ្រវរ្ម័ន ដែលជាអ្នកបង្កើតប្រាសាទក្រវ៉ាន់នេះ បុព្វបុរសខ្មែរជូនពរយើងទាំងអស់គ្នាទទួលបាននូវពរជ័យគ្រប់ប្រការ ខណៈដែលយើងកំពុងស្ថិតនៅក្នុងឧទ្យានបុរាណវិទ្យាអង្គរ ដែលជាតំបន់បេតិកភណ្ឌពិភពលោក មានប្រាសាទបុរាណដ៏អស្ចារ្យជាច្រើនដូចជា អង្គរវត្ត បាយ័ន និងតាព្រហ្ម។ ប្រាសាទទាំងនេះធ្វើឱ្យភ្ញៀវទេសចរណ៍មកពីជុំវិញពិភពលោកមានការកោតស្ញប់ស្ងែងយ៉ាងខ្លាំង តាំងពីអទិតកាលរហូតមកដល់បច្ចុប្បន្ន ។
លោកជំទាវ មានប្រសាសន៍លើកទឹកចិត្តដល់ក្រុមគណៈប្រតិភូទាំងអស់ ប្រសិនបើគ្រប់គ្នាមិនទាន់បានទស្សនាប្រាសាទទាំងនេះ និងមិនទាន់បានស្វែងយល់អំពីវប្បធម៌ក្នុងស្រុកនៅឡើយទេ សូមគ្រប់គ្នាគួរទៅទស្សនា ឬទៅទស្សនាសារជាថ្មី ព្រោះថា ប្រាសាទទាំងនេះមានលក្ខណៈពិសេសដោយឡែក និងមានប្រវត្តិផ្ទាល់ខ្លួនដោយឡែកៗរបស់ពួកគេ។
លោកជំទាវរដ្ឋមន្ត្រីមានប្រសាសន៍ថា តាមបទពិសោធន៍ យើងអាចរៀនអ្វីដែលថ្មី ជាមួយនឹងការកត់សម្គាល់តាមរយៈការទស្សនា។ លើសពីនេះ ការទៅទស្សនាប្រាសាទទាំងនេះអាចធ្វើឲ្យចិត្តរបស់យើងស្ងប់ ហើយនាំឱ្យយើងអាចប្រើការស្រមើស្រម៉ៃ ប្រមើមើល និងធ្វើដំណើរចូលទៅកាន់ភាពអស្ចារ្យ ស្នាដៃល្អឯកនៃអតីតកាល របស់បុព្វបុរសកម្ពុជា ។ ក្នុងរាត្រីសមោសរនោះ ក្រុមគណៈប្រតិភូ បានស្តាប់និងទស្សនា ជាមួយការប្រគំតន្ត្រីខ្មែរ និងការសម្តែងសិល្បៈដូចជារបាំក្ងោកប៉ៃលិន គោះត្រឡោក កន្សែងស្នេហ៍ មុនីមេខលា និងល្ខោនខោលរឿងរាមកេរ្តិ៍ ត្រង់វគ្គ ចម្បាំងពេលយប់ ជាដើម អមជាមួយនឹងអាហារចម្រុះរសជាតិបែបខ្មែរជាច្រើនមុខផងដែរ។
សូមបញ្ជាក់ថា៖ពីថ្ងៃទី៥ដល់ថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២២ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយអង្គការ Antiquities Coalition នៅសហរដ្ឋ អាមេរិក បានរៀបចំ សន្និសីទអន្តរជាតិស្តីពីការការពារនិងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុស ច្បាប់៖ ទស្សនៈពីអាស៊ាន។ សន្និសីទនេះផ្ដោតសំខាន់លើការការពារ និងការទប់ស្កាត់អំពើជួញដូរសម្បត្តិ វប្បធម៌ដោយខុសច្បាប់ ដែលកំពុងតម្រាមកំហែងដល់បេតិកភណ្ឌដ៏សម្បូរបែបក្នុងតំបន់អាស៊ីអាគ្នេយ៍ ដល់សហគមន៍ និងសេដ្ឋកិច្ចជាតិ ដែលជាបញ្ហាសំខាន់ចំពោះប្រជាជននៅអាស៊ីអាគ្នេយ៍។
សូមបញ្ជាក់ដែរថា អង្គសន្និសីទប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប ក្រោមអធិបតីភាពថ្លែងបើកពិធីតាមប្រព័ន្ធបញ្ជូនរូបភាពពីចម្ងាយ ពីសំណាក់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាប្រធានរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុក វប្បធម៌និង សិល្បៈ ព្រមទាំងវត្តមានគណៈប្រតិភូ មកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) និងមានការចូលរួមពីមន្ត្រីរដ្ឋាភិបាលនានា រួមជាមួយអ្នកជំនាញជាន់ខ្ពស់មកពីជុំវិញពិភពលោក ដែលជាអ្នកដឹកនាំផ្នែកគោលនយោបាយ ការអនុវត្តច្បាប់ សារមន្ទីរនានា ទីផ្សារសិល្បៈនិងសង្គមស៊ីវិល។
ក្រុមអ្នកជំនាញចម្រុះនេះ នឹងរួមគ្នារៀបចំបង្កើតនូវវិធានការជាក់លាក់មួយ ដើម្បីការពារកេរមរតកក្នុង តំបន់សម្រាប់មនុស្សជំនាន់ក្រោយ និងស្វែងរកមកវិញនូវរតនសម្បត្តិជាតិសម្រាប់អាស៊ាន។សន្និសីទនេះរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែលអង្គរខេត្តសៀមរាប ក្នុងគោលបំណងសំខាន់ ដើម្បីពិភាក្សាអំពី យុទ្ធសាស្ត្រ និងបំផុសគំនិតដើម្បីដោះស្រាយបញ្ហាប្រឈមនៃការការពារបេតិកភណ្ឌវប្បធម៌ ឈានទៅកាត់ បន្ថយបញ្ហានិងការព្រួយបារម្ភនៅក្នុងសហគមន៍អាស៊ាន ជាមួយនឹងការគោរពនិងអនុវត្តច្បាប់គោលនយោបាយសន្តិសុខ បញ្ហាសេដ្ឋកិច្ចទាក់ទងនឹងពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងទេសចរណ៍ប្រកបដោយចីរភាព និងសហគមន៍សង្គម-វប្បធម៌របស់យើង ៕ ដោយ ស៊ាន សុផាត



