ប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹង ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានប្រើប្រាស់រហាត់ទឹក ជាមធ្យោបាយទាញយកទឹកស្រោចស្រព ស្រែប្រាំង វស្សា និង ដំណាំដាំដុះផ្សេងៗ បន្តវេនពីដូនតា

ខេត្តកំពង់ឆ្នាំង ៖ រទេះទឹក ដែលយើងគ្រប់គ្នានិយមហៅថា (រហាត់ទឹក) ត្រូវបានប្រជាពលរដ្ឋរស់នៅតាមមាត់ស្ទឹង ក្នុងស្រុកទឹកផុស ប្រើធ្វើជាឧបករណ៍យោងទឹកស្រោចស្រព ស្រែប្រាំង វស្សា និងដំណាំដាំដុះផ្សេងៗ ជំនួសដោយការប្រើម៉ាស៊ីនបូមទឹកដែលត្រូវចំណាយថវិកាប្រចាំថ្ងៃ ។

ប្អូនប្រុស ឡាំ សារ៉ាត់ អាយុ៣១ឆ្នាំ មានទីលំនៅភូមិដំរឹប ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស បានឲ្យដឹងថា គាត់បានចេះធ្វើរហាត់ទឹក ឬហៅតាមអ្នកស្រុកតំបន់នោះថា (រទេះទឹក) តពីឪពុករបស់គាត់ ចំណែកឪពុករបស់គាត់ ក៏ចេះ បន្តបន្ទាប់គ្នា ពីដូនតា មកដែរ ។ សម្រាប់រូបគាត់បានធ្វើរហាត់ទឹកនេះប្រើប្រាស់បានជាង ៣ឆ្នាំមកហើយ។

ដោយបានយកទឹកមកស្រោចស្រពលើដំណាំនិងស្រូវប្រាំង ស្រូវវស្សារបស់គាត់ ទឹកដែលហូរជាប់ជាប្រចាំ ពេលច្រើនហួសកំរិត គាត់បានបង្ហូរចូលស្រែអ្នកដទៃនៅជិតខាងគាត់ដែលគ្មានរហាត់ ឬ ពេលខ្លះគាត់ដាក់បំពង់យោងទឹក ចាក់ចូល ទរ ចំនួនតិចដើម្បីកាត់បន្ថយកំរិតទឹកហូរចូលស្រែចំការរបស់គាត់ដែរ ។

ម្ចាស់រហាត់ទឹករូបនោះបានបញ្ជាក់ថា
ចំពោះការដំឡើងរហាត់ទឹកមួយត្រូវចំណាយថវិកាប្រមាណពី ៣០ទៅ ៤០ ម៉ឺនរៀល បើយើងមានធ្នួសស្រាប់ (របាំងទប់ទឹក) ប៉ុន្តែបើវ៉ៃធ្នួសថ្មី ត្រូវបន្ថែមថវិកាច្រើនជាងនេះ ។

ប្អូនប្រុស ឡាំ សារ៉ាត់ បានបញ្ជាក់ពីអត្ថប្រយោជន៍ថា យើងមិនពិបាកទិញប្រេងចាក់ម៉ាស៊ីនបូមទឹកប្រចាំថ្ងៃនោះឡើយ ជាងនេះទៅទៀតស្រូវដែលនៅជាប់មាត់ស្ទឹងគឺពឹងលើទឹកហូរជាប់ជាប្រចាំ។ បើគ្មានទឹកទេទិន្នផល
ស្រូវ ត្រូវថយចុះដែរដោយសារតែដីជាប់មាត់ស្ទឹងជាដីល្បាយខ្សាច់ឆាប់
ខ្សោះទឹកណាស់។

បើតាមការបញ្ជាក់ពីលោក គុយ ឡេង មេឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស បានឱ្យដឹងថា៖ នៅតំបន់នេះ គេហៅរទេះទឹក គេមិនហៅរហាត់ទឹកទេ ។

ចំណែកក្នុងឃុំរបស់លោកមានប្រជាពលរដ្ឋច្រើនណាស់ដែលប្រើប្រាស់រទេះទឹកនេះ ជាមធ្យោបាយយកទឹកស្រោចសព ស្រែប្រាំង ស្រែវស្សា និង ដំណាំដាំដុះផ្សេងៗ បើតាមលោកដឹង ឃុំដែលជាប់ដងស្ទឹង ក្នុងស្រុកទឹកផុសនេះ មានដូចជា ឃុំក្បាលទឹក ឃុំទួលខ្ពស់ ឃុំតាំងក្រសាំង ឃុំអភិវឌ្ឍន៍ ។

ប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹងទាំងនេះ សុទ្ធតែប្រើប្រាស់រហាត់ទឹកបែបនេះ ជាមធ្យោបាយ យកទឹក ជំនួសដោយម៉ាស៊ីន បូមទឹក ដែលត្រូវចំណាយថវិកា ។ ហើយបើតាមការប្រមាណ អ្នកប្រើប្រាស់រហាត់ទឹកទូទាំងស្រុកទឹកផុស មានប្រមាណ ជាង ១០០គ្រឿង៕
សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner