អភិបាលខេត្តបាត់ដំបង ចុះជួបប្រជាពលរដ្ឋរស់នៅ”ចំណុចអាងភាស” ក្នុងស្រុកឯកភ្នំ ពាក់ព័ន្ធគោលការណ៍និងការដោះស្រាយរបស់រដ្ឋបាលខេត្ត ជូនដល់បងប្អូនរស់នៅតំបន់នេះ
ខេត្តបាត់ដំបង ៖ ក្រោយពីទទួលបាននូវការឯកភាពពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅចំណុចតំបន់ជុំវិញលើខ្នងទំនប់អាង ដែលពាក់ព័ន្ធទៅនឹងគម្រោង នៃការស្តារ និងធ្វើការកែលម្អអាងស្តុកទឹកអាងភាស ឲ្យបានប្រសើរឡើងវិញក្នុងការរក្សាស្តុកទឹក ដើម្បីធានាដល់ការស្រោចស្រពទាំងក្នុង រដូវវស្សា-រដូវប្រាំង រាប់ពាន់ហិកតា ហើយថែមទាំងជួយបង្កលក្ខណៈក្នុងការធ្វើស្រែប្រាំងបានដល់ទៅ២ ឬ ៣ដង ផងដែរ។
នៅក្នុងការចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ២៣គ្រួសារ ដែលរស់នៅអាស្រ័យផលពិតប្រាកដ ស្ថិតក្នុងភូមិគោកដូង និងបងប្អូនជាច្រើនគ្រួសារដែលរស់នៅតាមខ្នងទំនប់ និងកំពុងរស់នៅក្នុងអាងលើទីតាំងគោករាក់ ស្ថិតក្នុងគម្រោងស្តារឡើងវិញ ឯកឧត្តមអភិបាលខេត្ត បានធ្វើការពន្យល់ថែមទាំងបានគូសបញ្ជាក់អំពីប្រវត្តិកសាង”អាងភាស” គឺជាអាងរបស់រដ្ឋដែលត្រូវបានស្ថាបនាឡើងក្នុងសម័យខ្មែរក្រហម នាកំឡុងឆ្នាំ១៩៧៧ មានទំហំជិត២ពាន់ហិកតា ស្តុកទឹកបានប្រមាណ១៦លានម៉ែត្រគូប។ហើយនៅក្រោយពេលដែលមន្ទីរជំនាញធ្វើការស្តារតាមរយៈ ដៃគូម្ចាស់ជំនួយមានគម្រោងអភិវឌ្ឍក្នុងការស្តារផ្ទៃបាតអាង និងកែលម្អលើកកម្ពស់ខ្នងទំនប់អាងឲ្យប្រសើរឡើងវិញ អាចរក្សាស្តុកទឹកបានប្រមាណ ៣៦លានម៉ែត្រត្រីគុណ និងផ្តល់ការស្រោចស្រពដល់ដំណាំស្រូវប្រជាកសិករក្នុងស្រុកឯកភ្នំ និងស្រុកថ្មគោល បានប្រមាណរាប់ពាន់ហិកតាថែមទៀតផង។
ឯកឧត្តម សុខ លូ បានថ្លែងថា ទាំងរាជរដ្ឋាភិបាល ទាំងសម្តេចប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង និងក្នុងនាមអាជ្ញាធរគ្រប់ថ្នាក់តែងតែគិតគូរផ្សារភ្ជាប់នូវសុខទុក្ខ និងដោះស្រាយរាល់បញ្ហាប្រឈម និងពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ ដូចនេះរដ្ឋបាលខេត្តបាត់ដំបង បានកំណត់ និងបានស្នើសុំគោលការណ៍អនុញ្ញាតពីសម្តេចតេជោប្រមុខ នៃរាជរដ្ឋាភិបាល ដោយធ្វើយ៉ាងណាផលប្រយោជន៍រាស្ត្រគឺត្រូវតែការពារ និងមិនឱ្យបាត់បង់ផលប្រយោជន៍របស់បងប្អូនឡើយ។ តែទ្រព្យសម្បត្តិរដ្ឋ និងផលប្រយោជន៍រួម ដែលជាប្រយោជន៍រដ្ឋ ក៏ត្រូវតែថែរក្សា និងមិនអាចលើកលែងដល់ជនខិលខូចដែកបង្កនូវការញុះញង់ ចង់បំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋតាមតែទង្វើចិត្តបាននោះឡើយ។
ឯកឧត្តមអភិបាលខេត្តបានបន្ថែមទៀតថា សម្ដេចតេជោ ហ៊ុន សែន បានឯកភាពឱ្យរូបឯកឧត្តមជាអភិបាលខេត្ត ចុះដោះស្រាយបញ្ហាកើតឡើងនេះដើម្បីដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ២៣គ្រួសារដែលបាននិងកំពុងធ្វើស្រែក្នុងអាងភាសនិងនាំយកពលរដ្ជជាង ៧០គ្រួសារចេញពីក្នុងអាង ឲ្យទៅរស់នៅកន្លែងសមរម្យ ៕ អ៊ុក សំអាន


