ពលរដ្ឋស្ម័ត្រចិត្តរុះរើទីលំនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ១០១គ្រួសារ បានចាប់ឆ្នោតយកដីឡូតិ៍ និងចូលរួមស្តាប់ការបង្ហាញពីការអភិវឌ្ឍតំបន់ភូមិធម្មជាតិរុនតាឯក ពិសេសការដាំដើមឈើហូបផ្លែជូនគ្រប់ដីឡូត៍ ដែលរៀបចំដោយក្រសួងបរិស្ថាន

(សៀមរាប)៖ ប្រជាពលរដ្ឋដែលស្ម័ត្រចិត្តរុះរើទីលំនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ចំនួន ១០១គ្រួសារ បានចាប់ឆ្នោតយកដីឡូតិ៍ ចូលរួមស្តាប់ការបង្ហាញពីការអភិវឌ្ឍតំបន់ភូមិធម្មជាតិរុនតាឯក ស្ថិតនៅក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើមី្បឱ្យបានយល់កាន់តែច្បាស់ អំពីការគាំទ្រពីរាជរដ្ឋាភិបាលទៅលើការរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់រុនតាឯក។

ឯកឧត្តម ហង្ស សុភសម្ភា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានលើកឡើងថា «នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលខេត្តសៀមរាប បានដាក់បញ្ចូលប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ១៩៩២ ដោយតំបន់នេះមានស្ថេរភាពបានចាកផុតពីតំបន់ងាយរងគ្រោះ ហើយត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌ នៃសម្បត្តិមនុស្សជាតិ ក្រោមការគ្រប់គ្រងរបស់អង្គការយូនេស្កូ ជាអ្នកពិនិត្យតាមដាន ថែរក្សាជាមួយម្ចាស់ទ្រព្យ ដែលមានអាជ្ញាធរជាតិអប្សរា ជាអ្នកប្រតិបត្តិ»។

មន្ត្រីជាន់ខ្ពស់រូបនេះ បានឱ្យដឹងថា ក្នុងរយៈពេល៣០ឆ្នាំ ក្រោយពីបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយតំបន់អង្គរបានចាកផុតពីហានីភ័យនៃសង្រ្គាម និងស្ថិតនៅក្រោមម្លប់សុខសន្តិភាព បានកាន់តែធ្វើឱ្យមានភាពល្បាញល្បី លើពិភពលោក តាមរយៈវិស័យទេសចរណ៍។ ក៏ប៉ុន្តែតំបន់អង្គរបែជារងគ្រោះទៅវិញ នៅពេលដែលប្រជាពលរដ្ឋបានទន្ទ្រានចូលទៅកាន់កាប់ដោយអាណាធិបតេយ្យនាពេលកន្លងមកធ្វើឱ្យអង្គការយូនេស្កូ (ICCអង្គរ) បានធ្វើការដាស់តឿនក្រើនរំលឹកដល់រាជរដ្ឋាភិបាល សំខាន់អាជ្ញាធរអប្សរា ជាអ្នកប្រតិបត្តិផ្ទាល់។

ជាមួយគ្នានេះដែរ ឯកឧត្តម ហង្ស សុភសម្ភា ករណីនេះ ធ្វើឱ្យតំបន់រមណីយដ្ឋានអង្គរ ងាយរងគ្រោះបំផុតដែលត្រូវធ្វើការដោះស្រាយជាមួយអង្គការយូនេស្កូ អំពីបញ្ហាការចូលកាន់កាប់។ បញ្ហាទាំងនេះ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការតម្រង់ទិស ដើមី្បរៀបចំតំបន់រមណីយដ្ឋានអង្គរ ឱ្យសមស្របជាតំបន់បេតិកភណ្ឌពិភពលោក ដើមី្បជៀសវាងការលុបចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។ អង្គរ ជាដួងព្រលឹងប្រទេសជាតិហើយកាលណាបាត់បង់សិទ្ធិ ក៏បាត់បង់កិត្តិយស កេរ្តិ៍ឈ្មោះរបស់ប្រទេស ដែលធ្លាប់មានឈ្មោះ អង្គរដ៏ល្បីល្បាញលើពិភពលោក។

ឯកឧត្តម បានបន្តថា ការរៀបចំតំបន់រុនតាឯក ជូនពលរដ្ឋដែលមានលំនៅដ្ឋានក្នុងតំបន់រមណីយដ្ឋានអង្គរ មានទំហំ១,០៨០ហិកតា សម្រាប់ទៅតាំងលំនៅដ្ឋានថ្មី។ ម៉្យាងទៀត ការរៀបចំតំបន់ធម្មជាតិរុនតាឯក គឺជាភូមិគំរូមួយ ដែលរាជរដ្ឋាភិបាលបានរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ មិនឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ដូចកាលនៅក្នុងតំបន់អង្គរឡើយ គឺមានសិទ្ធិកាន់កាប់ស្របច្បាប់ទៀត។

បើតាមលោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ក៏បានពាំនាំនូវការផ្តាំផ្ញើរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានស្ម័ត្រចិត្តទៅតាមការស្មើសុំរបស់រាជរដ្ឋាភិបាល ទៅរស់នៅទីតាំងថ្មី ដើមី្បរៀបចំតំបន់រមណីយដ្ឋានអង្គរ ឱ្យស័ក្តិសមទៅនឹងបេតិកភណ្ឌពិភពលោក ក៏ដូចជាការថែរក្សានូវមរតកនៃដួងព្រលឹងជាតិខ្មែរ។

ម៉្យាងទៀតក្រសួងបរិស្ថាន បានគាំទ្រនៅក្នុងលក្ខណៈបច្ចេកទេស និងជួយសម្របសម្រួលដល់ការរៀបចំទីតាំងថ្មី ឱ្យបានស្អាត ដោយបានផ្តល់នូវបច្ចេកទេសក្នុងការដាំដុះរុក្ខាជាតិហូបផ្លែ។ ក្នុងនោះដែររាជរដ្ឋាភិបាល ក៏ដូចរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគិតគួរអំពីជីវភាពរស់នៅរបស់ពលរដ្ឋ ដោយមិនទុកប្រជាពលរដ្ឋណា មានការលំបាកនោះឡើយ ។

ទន្ទឹមនឹងនោះដែរ លោកជំទាវក៏សុំការអាធ្យាស្រ័យពីពលរដ្ឋទាំង១០១គ្រួសារ ក្នុងពេលធ្វើការផ្លាស់ប្តូរទីតាំង ទៅនៅទីតាំងថ្មី មានជួបការលំបាកតែរាជរដ្ឋាភិបាល ក្រសួងបរិស្ថាននឹងធ្វើឱ្យលំនៅដ្ឋានថ្មីមានស្ថានភាពរស់នៅស្រួសជាងកន្លែងចាស់ មានសិទ្ធិកាន់កាប់ដីដោយស្របច្បាប់។

ជាមួយនេះដែរ លោកជំទាវ ចាន់ សុម៉ាលី បានបញ្ជាក់ថា នៅថ្ងៃខាងមុខតំបន់រុនតាឯកនឹងក្លាយទៅជាភូមិធម្មជាតិ ប្រកបទៅដោយបរិស្ថាន អនាម័យល្អស្អាត និងមានការទាក់ទាញភ្ញៀវទេសចរ ចូលទៅទស្សនាកម្សាន្ត ដែលធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើង ដោយទទួលបានកម្រៃពីភោគផលផលិតក្នុងភូមិ។ ក្រសួងបរិស្ថាននឹងបានផ្តល់ជូននូវបច្ចេកទេសដាំដុះ ពូជកូនឈើ និងថវិកាក្នុងការដាំដុះថែទាំផងដែរ ៕ សេឌី +លីដា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner