ប្រមុខ អ.ស.ប នឹងអំពាវនាវសុំជំនួយដ៏ធំដល់ប៉ាគីស្ថាន ខណៈផ្ទៃដីមួយភាគបីរបស់ប្រទេសនេះកំពុងរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ

អ៊ីស្លាម៉ាបាដ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូធឺរែស នៅថ្ងៃអង្គារសប្តាហ៍នេះថ្លែងថា លោកនឹងអំពាវនាវឱ្យមានការគាំទ្រដ៏ធំសម្រាប់ប៉ាគីស្ថាន ក្នុងអំឡុងដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោកទៅកាន់ប្រទេសនេះ ដោយសារតែផ្ទៃដីមួយភាគបីរបស់ខ្លួនត្រូវលិចលង់ដោយទឹកជនន់។

ថ្ងៃស្អែក ខ្ញុំនឹងហោះហើរទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បីបង្ហាញពីសាមគ្គីភាពដ៏ជ្រាលជ្រៅរបស់ខ្ញុំ ជាមួយប្រជាជនប៉ាគីស្ថាន និងដើម្បីអំពាវនាវឱ្យមានការគាំទ្រដ៏ច្រើនលើសលុបពីសហគមន៍អន្តរជាតិដល់ប្រជាជនប៉ាគីស្ថាន សម្រាប់ពេលវេលានៃតម្រូវការនេះ បន្ទាប់ពីគ្រោះទឹកជំនន់ដ៏មហន្តរាយដែលពួកយើងបានមើលឃើញដោយផ្ទាល់ភ្នែក ។

លោក ហ្គូធឺរែស បន្តថា មនុស្សមានទំនោរភ្លេចថា មានសង្រ្គាមមួយទៀត សង្រ្គាមដែលយើងកំពុងធ្វើទៅលើធម្មជាតិ ហើយធម្មជាតិកំពុងវាយលុកវិញ ហើយការប្រែប្រួលអាកាសធាតុកំពុងជំរុញឱ្យមានការបំផ្លិចបំផ្លាញភពផែនដីរបស់យើង។ លោក ហ្គូធឺរែស បន្ថែមថា ប៉ាគីស្ថាន ឆាដ និងស្នែងនៃទ្វីបអាហ្រ្វិក ជាកន្លែងដែលគ្រោះរាំងស្ងួតកំពុងបង្កឱ្យមានគ្រោះទុរ្ភិក្ស ។

អ្វីៗទាំងអស់នេះតំណាងឱ្យការគំរាមកំហែងដ៏ធំសម្បើមសម្រាប់ពួកយើងទាំងអស់គ្នា លោកថា ថ្ងៃនេះវាជាប្រទេសប៉ាគីស្ថាន ហើយថ្ងៃស្អែកវាអាចកើតឡើងនៅប្រទេសផ្សេងទៀត។ យោងតាមរដ្ឋាភិបាលប៉ាគីស្ថាន បានឱ្យដឹងថា មនុស្សជាង ១,៣០០នាក់បានស្លាប់ និងជាង ១២,៧០០នាក់បានរងរបួសដោយសារគ្រោះមហន្តរាយទឹកជំនន់។

បន្ថែមលើនេះ ផ្ទះជាង ១.១លានខ្នងរងការខូចខាត ខណៈដែលលំនៅឋានប្រហែល ៥៦០,០០០ខ្នងទៀតត្រូវបានបំផ្លាញស្ទើរទាំងស្រុង។ ចំណែកឯបុរស ស្ត្រី និងកុមារជាង ៦៣០,០០០នាក់ត្រូវបានគេរាយការណ៍ថា កំពុងរស់នៅក្នុងជំរុំសង្គ្រោះនៅទូទាំងប្រទេសប៉ាគីស្ថាន៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner