គណៈប្រតិភូសាលារាជធានីភ្នំពេញ បានជួបសំដែងការគួរសម ជាមួយប្រធានសភាវៀតណាម
វៀតណាម៖ គណៈប្រតិភូជាន់ខ្ពស់សាលារាជធានីភ្នំពេញដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ រួមដំណើរដោយ ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម និងប្រតិភូរួមដំណើរនារសៀលថ្ងៃទី៦ កញ្ញាបានជួបសំដែងការគួរសមជាមួយឯកឧត្តម វឿង ឌីញហឺ (VUONG DINH HUE) ប្រធានរដ្ឋសភានៃសាធារណៈសង្គមនិយមវៀតណាមនៅវិមានរដ្ឋសភា នាទីក្រុងហាណូយ។
នាឱ្យកាសនោះ ឯកឧត្តម វឿង ឌិញហឺ បានថ្លែងអបអរសាទរចំពោះដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូសាលារាជធានីភ្នំពេញនៅទីក្រុងហាណូយនាពេលនេះ ដែលបានសបញ្ជាក់ពីទំនាក់ទំនងកាន់តែជិតស្និតរវាងវៀតណាម និងកម្ពុជា ពិសេសរវាងរាជធានីភ្នំពេញនិងរដ្ឋធានីហាណូយដែលជាទីក្រុងសម្ពន្ធ័មេត្រីភាព
តាមរយៈការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើច្រើនវិស័យដូចជាវិស័យ សុខាភិបាល វិស័យអប់រំ វិស័យពាណិជ្ជកម្ម វប្បធម៌ សុខាភិបាលជាដើម ។
ឯកឧត្តម ប្រធានរដ្ឋសភាវៀតណាម បានកោតសរសើរដល់ការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានប្រែក្លាយប្រទេសកម្ពុជាមានសុខសន្តិភាពពេញផ្ទៃប្រទេស មានការអភិវឌ្ឍន៍លើគ្រប់វិស័យនិងបានធ្វើឱ្យកម្ពុជាមានឈ្មោះបោះសំ ឡេង និងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ។
ឯកឧត្តម វឿង ឌិញហឺ ក៏បានទទួល ស្គាល់និងកោតសរសើរចំពោះការចាត់វិធានការប្រកបដោយប្រសិទ្ធភាពរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការចាត់វិធានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ យ៉ាងមានប្រសិទ្ធភាពតាមរយៈការស្រោចវ៉ាក់សាំងទៅដល់ប្រជាជននៅទូទាំងប្រទេស និងត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលបានទប់ស្កាត់ការរីរាល ដាលជំងឺកូវីដ១៩ បានល្អជាងគេបើប្រៀបធៀបជាមួយបណ្តាប្រទេសនៅអាស៊ី និងពិភពលោកនិងបានបើកប្រទេសឡើងវិញឱ្យមានប្រក្រតីភាពនៃជីវភាពសង្គម ។
ឯកឧត្តម ប្រធានរដ្ឋសភាវៀតណាម ក៏បានវាយតំលៃ និងទទួលស្គាល់តួនាទី របស់សម្តេចតេជោហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានប្តូរវេននាពេលកន្លងមកថ្មីៗនេះទទួលបានផ្លែផ្កាយ៉ាងធំធេងនិងទទួលបានការកោតសរសើរជាអន្តរជាតិ ។
ឯកឧត្តម ឃួង ស្រេង បានជំរាបជូនឯ.ឧប្រធានរដ្ឋសភាវៀតណាមពីលទ្ធផល ដ៏ល្អប្រសើរក្នុងដំណើរទស្សនៈកិច្ចនៅទីក្រុងហាណូយតាមរយះការជួបពិភាក្សា ការងារជាបន្តបន្ទាប់ជាមួយ ឯកឧត្តម ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងឯ.ឧលេខាបក្សរដ្ឋធានីហាណូយ និងការងារដែលត្រូវធ្វើបន្តក្នុងក្របខ័ណ្ឌទីក្រុងទាំង២ដែលជាទីក្រុងសម្ពន្ធ័ភាព ។ ការជំរុញឲ្យមានការតភ្ជាប់វិស័យទេសចរ រវាងភ្នំពេញ ហាណូយ ក៏ដូចជាតំបន់បេតិកភ័ណ្ឌដែលមានស្រាប់ដើម្បីឱ្យភ្ញៀវទេសចរអាចទស្សនាបានច្រើនកន្លែងដែលមានក្នុងទីក្រុងទាំង២ ភ្នំពេញ ហាណូយ ។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ក្រោមអនុសាសន៍របស់សម្តេចតេជោហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងទៅលើការអភិវឌ្ឍន៍ទីក្រុង,ការកែលំអរនិងស្ថាបនាប្រព័ន្ធលូ,ការគ្រប់គ្រងសំណល់រឹង រាវ បញ្ហាកកស្ទះចរាចរដែលរាជធានីភ្នំពេញកំពុងប្រឈមនៃការកើនឡើងរបស់ ប្រជាពលរដ្ឋយ៉ាងគំហុកក្នុងរាជធានីភ្នំពេញស្របពេលដែលមានការកើនឡើង វិស័យសេដ្ឋកិច្ចពិសេសក្រោយវិបត្តិជំងឺកូវីដ១៩ ៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ