បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំខែសីហា និងដាក់ចេញទិសដៅអនុវត្តបន្តសម្រាប់ខែកញ្ញាឆ្នាំ២០២២
ខេត្តកំពង់ធំ៖ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤បាន បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែសីហា និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត ប្រចាំខែកញ្ញាឆ្នាំ ២០២២ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី០៧ខែកញ្ញា ឆ្នាំ២០២២ ។
លោកវរសេនីយ៍ទោ ស៊ុន សារិន នាយការិយាល័យទី៣ បញ្ជាក់ពីរបាយការណ៍បូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែសីហា ឆ្នាំ២០២២ ដែលអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុវត្តសម្រេចបាន និងគូសបញ្ជាក់អំពីចំណុចខ្លាំង ចំណុចខ្សោយ ព្រមទាំងបញ្ហាប្រឈម ចំណែកឧត្តមសេនីយ៍ត្រី ញូង ធី មេបញ្ជាការរង និងជានាយសេនាធិការ បានបង្ហាញនូវទិសដៅសម្រាប់អនុវត្ត និងបានប្រគល់ភារកិច្ចសំខាន់ៗ សម្រាប់បណ្ដាកងឯកភាពចំណុះ និងស្ថាប័នពាក់ព័ន្ធត្រូវអនុវត្តបន្តក្នុងខែកញ្ញាឆ្នាំ2022នេះ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ច របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព នឹងបណ្ដាការិយាល័យ ស្ថាប័នពាក់ព័ន្ធព្រមទាំង យោធិនទាំងអស់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់តាមភារកិច្ចរៀងៗខ្លួន ដែលបានប្រគល់និងទទួលបានជោគជ័យគួរជាទីមោទនៈ និងបានប្រគល់ភារកិច្ចសំខាន់ៗបន្ថែមទៀត ដែលត្រូវអនុវត្តនៅក្នុងខែកញ្ញាឆ្នាំ២០២២ នេះ ។ ត្រូវបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ក្នុងការអនុវត្តន៍នូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ពិសេសបានដាក់បទបញ្ជាដល់មេបញ្ជាការគ្រប់កងឯកភាព យោធិនគ្រប់ រូបនៃកម្លាំងអន្តរាគមន៍ សំរាប់ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ពិសេសគ្រោះ ទឹកជំនន់ ដែលកំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បន្តថា ត្រូវប្រុងប្រៀបរៀបចំខ្លួន និងប្រុងប្រៀបសម្ភារៈ ប្រើប្រាស់ព្រមទាំងមធ្យោបាយដឹកជញ្ជូន សម្រាប់អន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា និងមាន ប្រសិទ្ធភាព និងបានក្រើនរំលឹកដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព ត្រូវយកចិត្តទុកដាក់ក្នុងការហ្វឹកហ្វឺនរៀនសូត្រ អប់រំចិត្តសាស្ត្រប្រចាំសប្តាហ៍ នូវខ្លឹមសារមេរៀន ពង្រឹង វិន័យ សណ្តាប់ធ្នាប់ក្នុងជួរកងទ័ព ពង្រឹងតួនាទីភារកិច្ច និងមនសិការស្នេហាជាតិ គឺយោធិន គ្រប់រូបត្រូវប្តេជ្ញាចិត្តដាច់ខាត ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាល ស្របច្បាប់ដែល ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕ ដោយ៖ ប៊ុន រដ្ឋា