ឯកឧត្តម គន់ គីម អញ្ជើញជាអធិបតី ក្នុងពិធីអនុវត្តលំហាត់សមយុទ្ធជំនាញ សង្គ្រោះគ្រោះមហន្តរាយ ដើម្បីពង្រឹង សមត្ថភាពជួយដល់ប្រជាជនពីទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយអភិបាលរងខេត្ត បានអមដំណើរឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញជាអធិបតី ក្នុងពិធីអនុវត្តលំហាត់សមយុទ្ធជំនាញសង្គ្រោះគ្រោះមហន្តរាយដោយទឹកជំនន់ ឆ្នាំ២០២២ នៃកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយលេខ៧២៥ របស់កងពលតូចអន្តរាគមន៍លេខ១ ដែលធ្វើឡើងនៅភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ក្នុងនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅពេលមានគ្រោះ
មហន្តរាយកើតឡើងនៅតំបន់ណាមួយកងប្រតិបត្តិការរបស់យើង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឲ្យបានជាមុនសិន កុំឲ្យមានបញ្ហាអ្វីកើតឡើងឲ្យសោះចំពោះប្រជាពលរដ្ឋ ។

ការៀបចំលំហាត់សមយុទ្ធនាពេលនេះគឺជាការដាក់ចេញជាវិញ្ញាសា និងការរំលឹកដល់បណ្តាកងប្រតិបត្តិការក្នុងរុករក និងសង្គ្រោះគ្រោះមហន្តរាយទាំងអស់ត្រូវពង្រឹងសមត្ថភាពជំនាញមធ្យោបាយនិងសម្ភារ:របស់ខ្លួនដើម្បីឆ្លើយតបចំពោះសភាពការណ៍កើតឡើងជាយថាហេតុដោយសារបញ្ហាគ្រោះមហន្តរាយទឹកជំនន់និងគ្រោះមហន្តរាយផ្សេងៗទៀត ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញសំណេះសំណាលជាមួយកងទ័ព និងចែកអំណោយគ្រឿងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋផងដែរ ៕ សុខ គឹមសៀន
