ការអភិវឌ្ឍ ធនធានមនុស្ស គឺសំដៅសម្រេចឲ្យបាននូវយុវជនម្នាក់ដែលមានជំនាញមួយយ៉ាងពិតប្រាកដប្រចាំជីវិត
បន្ទាយមានជ័យ ៖ ការអភិវឌ្ឍនូវធនធានមនុស្ស គឺសំដៅសម្រេចឲ្យបាននូវយុវជនម្នាក់ដែលមានជំនាញមួយយ៉ាងពិតប្រាកដប្រចាំជីវិត នេះគឺជាសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០២២ ធ្វើឡើងនៅខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ។
អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្តលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ជិត ១៦០០នាក់ ។
ឯកឧត្តម ហង់ ជួនណារ៉ុនបានមានប្រសាសន៍ថា៖ ការប្រារព្ធទិវាអក្ខរកម្មជាតិ៨ កញ្ញាគឺជាការរំឭកឃើញថា នៅមានភារៈកិច្ចចម្បងចាំបាច់ជាច្រើនទៀត ក្នុងការជំរុញឲ្យមានកំណើនអត្រាអក្ខរកម្ម ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយចិរភាពឆ្នាំ ២០៣០ ផ្ដោតសំខាន់លើការអប់រំ គុណភាព សមធម៌ បរិយាប័ន្ន និងការលើកកម្ពស់ឱកាស ក្នុងការសិក្សាពេញមួយជីវិតសម្រាប់អ្នកទាំងអស់គ្នា ក្នុងស្មារតី រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស ដោយប្រើប្រាស់នូវសក្ដានុពលសមត្ថភាព លទ្ធភាពនិងកាលានុវត្តភាពនិងការលើកកម្ពស់ ការងារអក្ខរកម្ម ពិសេសបង្កលក្ខណៈអំណោយផលល្អ ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ឲ្យបានចូលរួមកាន់តែសកម្មខ្លាំងក្លា ក្នុងការងារនេះដើម្បីបន្តដំណើរលើមាគ៌ាឆ្ពោះ វឌ្ឍនភាពរុងរឿងនៃសង្គមជាតិកម្ពុជាទាំងមូល ។
ឯកឧត្តមបានបន្តថា ឆ្នាំនេះយើងមានឱកាសបានរៀបចំទិវាអក្ខរកម្មជាតិប្រាំបីកញ្ញាលើកទី២២ នៅទូទាំងរាជធានីខេត្តឲ្យមានការខកខាន ការប្រារព្ធពិធីបែបនេះអស់រយៈពេលពីរឆ្នាំដោយសារការរីករាលដាលនៃជំងឺកូវីដ ដោយយើងគ្រាន់តែផ្សព្វផ្សាយតាមរយៈ ប្រព័ន្ធអេឡិចត្រូនិកនិងបណ្ដាញសង្គមតែប៉ុណ្ណោះ។
ក្នុងឱកាសនេះដែរស្របពេលដែលសភាពការណ៍ប្រទេសជាតិយើងបានសម្រេចនូវជោគជ័យដ៏ធំធេងក្នុងការប្រយុទ្ធនឹងជំងឺកូវីដ និងដាក់ឲ្យដំណើរការមានគ្រប់សកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញយ៉ាងពេញលេញប្រជាជនរស់នៅដោយក្ដីសប្បាយរីករាយតាមគន្លងប្រក្រតីភាពថ្មី អញ្ញាតឱ្យយើងបានប្រារព្ធទិវានេះឡើងទិវាអក្ខរកម្ម។
ឆ្នាំនេះក្រសួង អប់រំយុវជន និងកីឡាបានកំណត់យកប្រធានបទ អក្ខរកម្មជាស្ពានឆ្ពោះទៅរកជំនាញមុខរបរនិងការសិស្សាបន្ត នៅពេលដែលប្រទេសកម្ពុជាកំពុងបន្តអភិវឌ្ឍរីកចម្រើនឡើងអក្ខរកម្មដែលជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត កាន់តែមានសារៈសំខាន់បន្ថែមទៀតដើម្បីអភិវឌ្ឍនូវធនធានមនុស្សបំពេញនូវតម្រូវការនៃសេចក្ដីប្រាថ្នាថ្មីរបស់ប្រទេសកម្ពុជានៅពេលដែលប្រទេសកាន់តែជឿនលឿន ផ្នែកបច្ចេកវិទ្យាព័ត៌មាន ជំនាញអក្ខរកម្មឌីជីថលកាន់តែមានសារៈសំខាន់ ក្នុងការសម្របខ្លួនទៅនឹងវិធីដែលបច្ចេកវិទ្យា បានផ្លាស់ប្តូររបៀបលោកធ្វើ របៀបទំនាក់ទំនង និងអក្ខរកម្មជាមួយគ្នា ៕ ដោយ៖ ឃិន គន្ធា