រដ្ឋបាលខេត្តកំពង់ធំ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនប្រគេនដល់ព្រះសង្ឃគង់នៅអាស្រមភ្នំជី ស្រុកសណ្តាន់
(កំពង់ធំ)៖ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងឯកឧត្តម ប្លុង ពុទ្ធកូរ៉ា សមាជិកក្រុកប្រឹក្សាខេត្ត
លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល សមាជិកក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន និងលោកជំទាវ មៀច សុភី ព្រមទាំងក្រុមគ្រួសារបាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនប្រគេនដល់ព្រះសង្ឃគង់នៅអាស្រមភ្នំជី ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២។
ថ្លែងនៅក្នងកម្មវិធីនេះលោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា រដូវកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌបានចាប់ផ្ដើមសូត្រមន្តបិណ្ឌទី១ហើយ។ សម្រាប់នៅអាស្រមភ្នំជី មានតែព្រះសង្ឃមួយអង្គគត់ ការចូលរួមរបស់គណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទ ពុំមានអ្នកដឹកនាំនិងគ្រប់គ្រងច្បាស់លាស់នោះទេ ដូចនេះហើយមានការខ្វះខាតនូវគ្រឿង
ឧបភោគបរិភោគមួយចំនួន។ ដោយសង្កេតឃើញពីផលវិបាកខ្លះៗនៅក្នុងអាស្រមភ្នំជីនេះ ក្រុមការងារបាននាំគ្នាប្រមូលធនធានមួយចំនួន គ្រឿងឧបភោគបរិភោគ និងថវិកាសម្រាប់ផ្គត់ផ្គង់ដល់ព្រះសង្ឃ ធ្វើជាចង្ហាន់ និងសម្រាប់កសាងនូវសមិទ្ធផលផ្សេងៗនៅក្នុងអាស្រមឲ្យមានភាពល្អប្រសើរផងដែរ។
លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល ក៏បានមានប្រសាសន៍ថា ផ្លូវសម្រាប់ធ្វើដំណើរចូលទៅអាស្រមភ្នំជីមានការលំបាក ចំណែកសមិទ្ធផលនានានៅលើភ្នំមួយចំនួនក៏ពុំទាន់មានលក្ខណៈល្អនោះទេ។ ព្រះសង្ឃ ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅមានចំនួនតិចតួចរវល់តែប្រកបរបរធ្វើស្រែចម្ការ ពុំបានយកចិត្តទុកដាក់ទៅលើវិស័យព្រះពុទ្ធសាសនា។ អាស្រ័យហេតុនេះហើយ សូមអំពាវនាវដល់សប្បុរសជនក្នុងនិងក្រៅប្រទេស ជួយគាំទ្រជាសម្ភារៈ និងថវិកាដើម្បីកសាងអាស្រមនេះឲ្យមានភាពរីកចម្រើនបន្តទៅទៀត ៕ ដោយ ៖ ប៊ុន រដ្ឋា