សមាជិកចម្រុះសហជីពជាង ៤០០ នាក់ ស្នើក្រសួងការងារដោះស្រាយបញ្ចប់វិវាទការងារ ខណៈក្រសួងបញ្ជាក់ថា កំពុងខិតខំដោះស្រាយតាមនីតិវិធី

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែកញ្ញា សហភាពសហជីព សហព័ន្ទសហជីព សហជីពមូលដ្ឋាន និងសមាគម ដែលធ្វើការ ក្នុងវិស័យការងារ នៅកម្ពុជាជាង ៤០០ នាក់ បាន ប្រមូលផ្ដុំគ្នា នៅមុខក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ការជួបជុំគ្នានេះ ធ្វើឡើងដើម្បីដាក់សំណើចំនួន២ចំណុច ទៅកាន់ក្រសួងការងារឲ្យជួយដោះស្រាយ។

សំណើទី១ ពាក់ព័ន្ធនឹងវិវាទការងារនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ ដោយស្នើឲ្យដោះស្រាយឲ្យក្រុមហ៊ុនទទួលយក ថ្នាក់ ដឹកនាំ និងសមាជិកសហជីព ។សរុបចំនួន១៥០នាក់ ចូលធ្វើការវិញ ជាមួយប្រាក់រំឭក ទូទាត់សំណងឲ្យបានត្រឹមត្រូវតាមច្បាប់ស្ដីពីការងារ ព្រមទាំងទម្លាក់ចោលបទចោទលើថ្នាក់ដឹកនាំ ព្រមទាំងសកម្មជនសហជីពទាំង១៤រូប។
ចំណែកសំណើទី២ ក្រុមសហជីពស្នើឲ្យក្រសួងការងារដោះស្រាយសំណុំរឿងបញ្ឈប់ថ្នាក់ដឹកនាំ និងសកម្មជនសហជីពសរុបចំនួន៣១ករណី។ ក្នុងនោះរួមមាន ៧ករណីមកពីសម្ព័ន្ធសហជីពកម្ពុជា ១៩ករណីមកពី សម្ព័ន្ធសហជីពស៊ីខៅឌូ ២ករណីមកពីសម្ព័ន្ធសហជីពឯករាជ្យ ២ករណីមកពីសហព័ន្ធសហជីពសេរីឯករាជ្យ និង១ ករណី មក ពីសហជីពការពារសិទ្ធិកម្មករ នៃក្រុមហ៊ុន អិម អិល អិនធីម អឹភែរឹល។

ឆ្លើយតប នឹង សំណើ ទាំង ពីរ ករណីនេះ ឯកឧត្តម ហេង សួរ អ្នក នាំ ពាក្យ ក្រសួង ការងារ បាន គូស បញ្ជាក់ នៅ ថ្ងៃ អាទិត្យ ទី ១១ កញ្ញា នេះ ថា៖ «គ្រប់ករណីដែលបានលើកឡើងក្នុងសំណើ គឺត្រូវបានមន្ត្រីជំនាញនៅថ្នាក់នាយកដ្ឋាន និងមន្ទីរបានដោះស្រាយទៅតាមនីតិវិធី ដែលមានចែងក្នុងនីតិវិធីនៃការដោះស្រាយវិវាទការងាររួម និងនីតិវិធីនៃការដោះស្រាយវិវាទបុគ្គលរួចហើយ។»

អ្នកនាំពាក្យដដែលបន្ត៖ «ការដោះស្រាយវិវាទគឺផ្តើមចេញពីការចរចារនៅថ្នាក់សហគ្រាស។ ក្នុងករណីដែលការចរចារមិនទទួលបានជោគជ័យ ភាគីណាមួយអាចប្តឹងមកថ្នាក់រដ្ឋមន្ត្រីក្រសួងការងារ ដើម្បីចាត់មន្រ្តីឲ្យផ្សះផ្សាវិវាទនោះ។ ក្នុងករណីជាវិវាទការងាររួម រដ្ឋមន្រ្តីក្រសួងការងារអាចចាត់មន្រ្តីចូលទៅផ្សះផ្សាបាន ទោះបីជាមិនមានពាក្យបណ្តឹងពីភាគីណាមួយក៏ដោយ។ ក្នុងអំឡុងពេលនេះ ភាគីទាំងពីរត្រូវផ្អាករាល់វិធានការឧស្សាហកម្ម (កូដកម្ម ឬឡុកអៅ) ទាំងអស់។»
បើតាម ការពន្យល់ របស់ លោក ហេង សួរ ក្នុងករណីនៅតែមិនសះជា មន្ត្រីផ្សះផ្សាបញ្ជូនសំណុំរឿងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ប្រសិនវាជាករណីវិវាទការងាររួម។ ក្រោយក្រុមប្រឹក្សាអាជ្ញាកណ្តាលចេញសេចក្តីបង្គាប់ ប្រសិនបើជាសេចក្តីបង្គាប់មិនជាប់កាតព្វកិច្ច ភាគីណាមួយមិនសុខចិត្តគឺដាក់ពាក្យជំទាស់មករដ្ឋមន្រ្តីក្រសួងការងារក្នុងរយ:ពេល ៨ ថ្ងៃជាកំហិត បើមិនដូច្នោះទេសេចក្តីបង្គាប់នោះនឹងត្រូវក្លាយជាសេចក្តីបង្គាប់ជាប់កាតព្វកិច្ចវិញ។ បន្ទាប់ពីបានដាក់ពាក្យជំទាស់ហើយ ភាគីណាមួយត្រូវប្តឹងបន្តទៅតុលាការដើម្បីដោះស្រាយបន្ត។ ចំពោះសេចក្តីបង្គាប់ជាប់កាតព្ចកិច្ច ភាគីទាំងពីរត្រូវតែអនុវត្តភ្លាមតាមសេចក្តីបង្គាប់នោះ។

ដោយឡែកសម្រាប់ករណីវិវាទបុគ្គលវិញ អ្នក នាំ ពាក្យ ក្រសួង ការងារ គូស បញ្ជាក់ ថា ក្នុង ករណី មន្ត្រី ផ្សះផ្សា បាន បញ្ចប់ ការផ្សះផ្សាហើយ នៅតែមិនសះជា គឺភាគីណាមួយត្រូវប្តឹងបន្តទៅតុលាការក្នុងរយ:ពេល ២ ខែ ដើម្បីដោះស្រាយបន្ត។ ផុតរយ:ពេលនេះ ភាគីថ្លោះសិទ្ធិអាចប្តឹងទៅតុលាការបន្ត។
ចំពោះការបង្គាប់ឲ្យចូលធ្វើការវិញ មន្ត្រីអធិការការងារ ឬក៏ភាគីនិយោជក អាចប្តឹងជំទាស់ទៅតុលាការដែរ។ នេះ បើ តាម លោក ហេង សួរ។

ឯកឧត្តម ហេង សួរ សង្កត់ធ្ងន់ថា៖ «គ្រប់សំណុំរឿងវិវាទការងារ តួនាទីរបស់ក្រសួង គឺផ្សះផ្សា។ ស្ថាប័នដែលចេញសេចក្តីបង្គាប់បន្ទាប់ពីក្រសួងគឺក្រុមប្រឹក្សាអាជ្ញារកណ្តាល ។ រីឯស្ថាប័នដែលភាគីវិវាទណាមួយត្រូវប្តឹងបន្ត បន្ទាប់ពីក្រុមប្រឹក្សាអាជ្ញាកណ្តាលគឺតុលាការ។»
អ្នកនាំពាក្យក្រសួងការងាររូបនេះ បានផ្ដាំផ្ញើដល់បងប្អូនដែលធ្វើការក្នុងវិស័យការងារ និងទំនាក់ទំនងវិជ្ជាជីវៈ អនុវត្តឲ្យស្របតាមនីតិវិធីនេះ ជាជាងការចុះផ្លូវធ្វើកូដកម្ម៕
ដោយ:កែវ កិរិយា

ads banner