ក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការអញ្ជើញដាក់បិណ្ឌវេនទី១ នៅវត្តអារញ្ញិការាម ក្រុងកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២លោកជំទាវជួ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត តំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តមឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តរួមថ្នាក់ដឹកនាំមន្ត្រីរាជការបានអញ្ជើញចូលរួមពិធីកាន់បិណ្ឌ វេនទី១នៅវត្តអារញ្ញិការាម ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
លោកជំទាវ ជូ ប៊ុនអេង បានលើកឡើងពីពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌនេះធ្វើបាន ដោយសារតែប្រទេសជាតិមានសុខសន្ដិភាព ក្រោមការដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបប្រជាពលរដ្ឋយើងមានឱកាសបានប្រារព្ធពិធីបុណ្យនានា ជាពិសេសក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ។
លោកជំទាវបានបន្ដថា បុណ្យភ្ជុំបិណ្ឌជាបុណ្យមួយដ៏ធំនៃប្រពៃណីទំនៀមទម្លាប់ជាតិខ្មែរដែលអ្នកកាន់ព្រះពុទ្ធសាសនាគោរពប្រតិបត្តិតាំងពីដូនតារៀងមក។ ជាមួយគ្នានេះ ពិធីបុណ្យកាន់បិណ្ឌនេះពុទ្ធបរិស័ទ ពុទ្ធសាសនិកខ្មែរយើង បានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោច ខែភទ្របទ ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលបងប្អូនជាមន្ត្រីរាជការ ពុទ្ធបរិស័ទជិតឆ្ងាយ បានមកជួបជុំគ្នានាំយកចង្ហាន់ ចំណីអាហារ ទៀនធូប បច្ច័យទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានា ។
នៅក្នុងឱកាសពិធីកាន់បិណ្ឌនោះដែរ លោកជំទាវនិងមន្រ្ដីរាជការនិងក្រុមការងារទាំងអស់ ក៏បានរាប់បាត្រ បង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះមាតាបិតា ជីដូនជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ ព្រមទាំងឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារ កសាងអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា និងជនរងគ្រោះដោយភាពអយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍ សូមមកទទួលយកមគ្គផលដែលបានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ សូមឱ្យអំណាចនៃអានិសង្ឃនេះ ជួយទ្រទ្រង់ឱ្យវិញ្ញាណក្ខន្ធអ្នកទាំងនោះ បានទៅកាន់ទីសោយសុខឋានបរមសុខ ក្នុងឋានសុគតិភពកុំបីខានឡើយ ។
ក្នុងពិធីកាន់បិណ្ឌវេនទី១នេះដែរ លោកជំទាវ ព្រមទាំងមន្រ្តីរាជការ បាននាំបច្ច័យកសាងចំនួន ៥លាន៥សែនរៀល ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តអារញ្ញិការាម ទុកកសាងសមិទ្ធផលនានាក្នុងវត្ត ហើយបានវេរប្រគេនចង្ហាន់ និង ទេយ្យវត្ថុដល់ព្រះសង្ឃ ក្នុងមួយអង្គៗ សាដក១ និងបច្ច័យចំនួន ៤មុឺនរៀល និងសម្រាប់វត្តមានអង្ក ១០០គីឡូក្រាម ទឹកសុទ្ធ ៣០ កេស ទឹកក្រូច ៨កេស និងជូនថវិកាដល់លោកយាយជី តាជី និងប្រជាការពារផងដែរ ៕ សុខ គឹមសៀន