ប្រធានាធិបតីរុស្ស៊ី និងបារាំងពិភាក្សាពីស្ថានភាពរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា នៅអ៊ុយក្រែន

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និងសមភាគីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានពិភាក្សាគ្នាទាក់ទងនឹងបញ្ហាសុវត្ថិភាពនៅរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា ក្នុងប្រទេសអ៊ុយក្រែន ដោយលោក ពូទីន បានស្តីបន្ទោសកងកម្លាំងអ៊ុយក្រែន ខណៈដែលលោក ម៉ាក្រុង ចង្អុលដាក់កងទ័ពរុស្ស៊ី។

បច្ចុប្បន្នលក្ខខណ្ឌនៅរោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតរបស់អឺរ៉ុប បាននិងកំពុងបន្តបង្កការព្រួយបារម្ភដល់សុវត្ថិភាពពិភពលោក។ រុស្ស៊ី និងអ៊ុយក្រែនបានចោទប្រកាន់គ្នាទៅវិញទៅមក អំពីការបាញ់ផ្លោងជុំវិញរោងចក្រ ហ្សាប៉ូរីសហ្ស៊ីយ៉ា ដែលប្រការនេះកំពុងប្រថុយប្រថាននឹងការបែកធ្លាយសារធាតុវិទ្យុសកម្មដ៏មហន្តរាយ។

សេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់វិមានក្រឹមឡាំង បានបញ្ជាក់ថា ភាគីរុស្ស៊ីបានទាក់ទាញការយកចិត្តទុកដាក់ចំពោះការវាយប្រហាររបស់អ៊ុយក្រែន ទៅលើទីតាំងរបស់រោងចក្រ រួមទាំងកន្លែងស្តុកទុកកាកសំណល់វិទ្យុសកម្ម ដែលពោរពេញដោយផលវិបាកដ៏មហន្តរាយ។

ទន្ទឹមគ្នា រុស្ស៊ីបានអំពាវនាវឱ្យមានអន្តរកម្មដែលមិនមានលក្ខណៈនយោបាយទៅលើបញ្ហានេះ ដោយមានការចូលរួមពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA)។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ប្រធានាធិបតីបារាំងបានបញ្ជាក់ថា ការកាន់កាប់ដោយទាហានរុស្ស៊ីក្នុងរោងចក្រនេះ គឺជាអ្វីដែលកំពុងធ្វើឱ្យវាមានហានិភ័យ។

វិមាន អេលីហ្សេ របស់បារាំង បានលើកឡើងថា លោក ម៉ាក្រុង បានស្នើឱ្យកងកម្លាំងរុស្ស៊ីដកអាវុធធុនធ្ងន់ និងស្រាលរបស់ពួកគេចេញពីរោងចក្រ ហ្សាប៉ូរីសហ្ស៊ីយ៉ា ហើយថា អនុសាសន៍របស់ IAEA ត្រូវតែអនុវត្តដើម្បីធានាសុវត្ថិភាពនៅទីតាំងនោះ។ IAEA បានអំពាវនាវឱ្យមានតំបន់សន្តិសុខមួយត្រូវបានបង្កើតឡើងនៅជុំវិញទីតាំងរោងចក្រនោះ។

បើតាមវិមាន អេលីហ្សេ លោក ម៉ាក្រុង នឹងបន្តទំនាក់ទំនងជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឌីមៀ ហ្សេលេនស្គី ក៏ដូចជាអគ្គនាយក IAEA ហើយនឹងធ្វើកិច្ចពិភាក្សាម្តងទៀតនៅប៉ុន្មានថ្ងៃខាងមុខនេះ ជាមួយលោក ពូទីន ដូច្នេះកិច្ចព្រមព្រៀងធានាសន្តិសុខនៅរោងចក្រ ហ្សាប៉ូរីសហ្ស៊ីយ៉ា អាចត្រូវបានរកឃើញ៕ ប្រភព៖ CNBC ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner