សារិកាកែវ ក្របី ឬ រីកក្របី ជាបក្សីដ៏ស្រស់ស្អាត និងរស់នៅតាមក្បែរស្រុកភូមិ
ភ្នំពេញ៖ សារិកាកែវ ក្របី ឬ រីកក្របី គឺជាបក្សីមួយប្រភេទយើងតែងឃើញនៅតាមវាលស្រែ តាមស្រុកភូមិ និងពិសេសវាតែងហើរ និងរកស៊ីប្រមូលផ្តុំគ្នាជាហ្វូងៗស្រែកខ្ញៀវខ្ញារ តាមដងផ្លូវ ឬព្រៃក្បែរៗអ្នកស្រុករស់នៅ។
តាមរយៈទំព័រហ្វេសប៊ុកក្រសួងបរិស្ថានបង្ហាញពីរូបភាពដ៏ស្រស់ស្អាត និងសត្វដែលកំពុងមានវត្តមាននៅកម្ពុជាមួយប្រភេទនេះផងដែរ។
គួរបញ្ជាក់ថា បើទោះបីសារិកាកែវ ក្របី បច្ចុប្បន្នមានចំនួនថយចុះ និងរស់នៅតាមតំបន់មួយចំនួនក្តី ប៉ុន្តែវាជាបក្សីមើលទៅស្រស់ស្អាត និងគួរឱ្យស្រឡាញ់ ដែលយើងគប្បីចូលរួមអភិរក្សឱ្យបានគង់វង្សយូរអង្វែងដល់កូនចៅជំនាន់ក្រោយបន្តទៀត។
យោងតាមឯកសារស្រាវជ្រាវបានបង្ហាញថា សារិកាកែវក្របី ឬរីកក្របី គឺជាឈ្មោះបក្សីមួយប្រភេទ មានចំពុះពណ៌លឿង មានកំប៉ោយមួយកញ្ចុំ ភ្នែកក្រហម ខ្លួនមានពណ៌ខ្មៅ ស្រអាប់ និងគូថពណ៌ស។ សារិកាកែវ មួយប្រភេទនេះ មានដៅសមួយនៅកញ្ចុំលើស្លាប និងចុងកន្ទុយជ្រលក់ស។ ក្នុងការបន្តពូជវិញបក្សីមួយប្រភេទនេះចាប់ពីខែមេសា ដល់ខែសីហា។
សត្វប្រភេទនេះគេឃើញមានមនុស្សមួយចំនួនបានយកមកចិញ្ចឹមដាក់ទ្រុងតាមផ្ទះសម្បែងដើម្បីលម្អ និងកម្សាន្តតាមចំណង់ចំណូលចិត្តរបស់គេ ប៉ុន្តែអ្នកស្រឡាញ់សត្វនិងអ្នកអភិរក្សសត្វបានដាស់តឿនពីការធ្វើទារុណកម្មលើសត្វ និងតែងធ្លាប់អំពាវនាវឱ្យដោះលែងដើម្បីឱ្យពួកវារស់នៅតាមធម្មជាតិ ដើម្បីបានបន្តពូជកូនចៅច្រើនជំនាន់បន្តទៀត៕ដោយ៖ម៉ាដេប៉ូ