គម្រោងអច្ឆរិយទន្លេមេគង្គ បារម្ភពីការថយចុះនៃធនធាន ជលផល ធម្មជាតិនៅកម្ពុជា

ភ្នំពេញ៖«ធនធានជលផលធម្មជាតិកម្ពុជាមានការថយចុះខ្លាំង ដែលមិនអាចផ្គត់ផ្គង់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនបានគ្រប់គ្រាន់ឡើយ»។ នេះគឺជាការលើកឡើងរបស់គម្រោង អច្ឆរិយទន្លេមេគង្គ ឬ Wonders of the Mekong នៅថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២។
បើតាមការគូសបញ្ជាក់ពីគម្រោង អច្ឆរិយទន្លេមេគង្គ ការប្រែប្រួល អាកាសធាតុ ការផ្លាស់ប្តូររបបទឹកជន់ ការប្រើប្រាស់ឧបករណ៍ នេសាទខុសច្បាប់ ការកាប់ ឬដុតបំផ្លាញព្រៃលិចទឹកដែល ជាជម្រក មច្ឆជាតិ ការបំផ្លាញប្រព័ន្ធអេកូឡូស៊ីធម្មជាតិ ការចាក់លុបសមុទ្រ បឹងបួរ សុទ្ធតែជាកត្តាដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ ធនធាន ជលផលធម្មជាតិ។

ប្រភពដដែលរំឭកថា នៅប្រទេសកម្ពុជា មានបឹងទន្លេសាបដ៏ធំល្វឹង ល្វើយ ទន្លេមេគង្គ ស្ទឹង បឹងបួរ ដែលកន្លងមក ប្រភពទាំងអស់នេះ បានផ្គត់ផ្គង់ត្រីរាប់សែនតោនសម្រាប់ការប្រើប្រាស់ក្នុងស្រុក និង នាំចេញ រហូតដល់ប្រជាជនមួយចំនួនមិនដែលនឹងគិតចង់ បរិភោគ ត្រីចិញ្ចឹមឡើយ។ ប៉ុន្តែមកដល់បច្ចុប្បន្ន ការស្រាវជ្រាវរក ឃើញថា ធនធានធម្មជាតិទាំងនោះ មួយចំនួនធំ បានបាត់បង់អស់ ហើយ ហើយមួយចំនួនទៀតកំពុងរងគ្រោះជិតផុតពូជ នៅសល់ បរិមាណ តិចតួចប៉ុណ្ណោះសម្រាប់ផ្គត់ផ្គង់ដល់ប្រជាជនខ្មែរសព្វថ្ងៃ។

វារីវប្បកម្ម ដែលប្រជាជនមួយចំនួនមិនដែលសូម្បីតែគិតដល់នោះ វាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយសម្ពាធទៅលើធនធានធម្មជាតិ បង្កើនប្រាក់ចំណូល បង្កើនផលស្តុកធម្មជាតិ ធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភជូនប្រជាជនកម្ពុជា ក៏ដូចជា ប្រជាជនលើពីភពលោក។ បទពិសោធន៍ទាំងនេះ បានជំរុញឱ្យ គម្រោងអច្ឆរិយទន្លេមេគង្គប្រឹងប្រែងកាន់តែខ្លាំង មិនថាក្នុងការងារ អភិរក្ស និង ការងារអភិវឌ្ឍន៍វារីវប្បកម្មនោះទេ ព្រោះការងារទាំង ពីរនេះ វាមានទំនាក់ទំនងទៅវិញទៅមក។ តាំងពីឆ្នាំ២០១៧ មកដល់បច្ចុប្បន្ន គម្រោង Wonders of the Mekong បាន ប្រមូលកូនត្រីធម្មជាតិពីទន្លេមេគង្គ មកថែបំប៉នក្នុងស្រះ ដោយ មានការផ្តល់ចំណី ត្រួតពិនិត្យគុណភាពទឹក និងតាមដានការ លូតលាស់ យ៉ាងយកចិត្តទុកដាក់។

ត្រីទាំងនោះទៀតសោត ត្រូវបែងចែកតាមប្រភេទ តាមឆ្នាំ និង តាមស្រះបំប៉នដាច់ដោយឡែក ដើម្បីងាយស្រួលដឹង ពីសាវតា របស់ត្រី។ មិនត្រឹមតែប្រមូលកូនត្រីពីធម្មជាតិនោះទេ គម្រោង បានទទួលត្រីរាជ និងត្រីគល់រាំងពីប្រជានេសាទ និងវារីវប្បករ ជាបន្តបន្ទាប់សម្រាប់ធ្វើការថែបំប៉ន មុនពេលលែង ចូលទៅក្នុងទន្លេ ស្ទឹង បឹងបួរ ធម្មជាតិវិញ។
ក៏មានផងដែរ ការបង្កាត់ភ្ញាស់ត្រីមេពូជប្រមូលបានពីធម្មជាតិ ដើម្បីបានកូនត្រីដែលមានសុខភាពល្អ សម្រាប់លែងចូលក្នុង ធម្មជាតិវិញ និងផ្គត់ផ្គង់ដល់វារីវប្បករសម្រាប់ការចិញ្ចឹម។

បើតាមគម្រោងអច្ឆរិយទន្លេមេគង្គ ត្រីមេពូជធម្មជាតិដែលប្រមូល បាន ត្រូវបានឧបត្ថម្ភដល់មជ្ឈមណ្ឌល និងវិទ្យាស្ថានសម្រាប់រក្សា ទុកប្រើប្រាស់ទៅថ្ងៃខាងមុខទៀត។ ដោយឡែក ប្រភេទត្រីមួយ ចំនួន ដែលបំប៉នក្នុងស្រះ បានយកទៅលែងក្នុងព្រឹត្តិការណ៍ផ្សេងៗ ដូចជា ទិវាមច្ឆបំលាស់ទីពិភពលោកជាដើម ក្នុងគោលបំណង ផ្សព្វផ្សាយពីការងារអភិរក្សឱ្យប្រជាជនទូទៅបានយល់ដឹង។ នេះបើ តាមការឲ្យដឹងពី គម្រោងអច្ឆរិយទន្លេមេគង្គ ឬ Wonders of the Mekong៕
ដោយ៖កែវ កិរិយា

ads banner