ស្វាយចន្ទីជាង១០ម៉ឺនហិកតា ត្រូវបានកសិករកាប់ចោលដោយសារ ប្រឈមនឹងបញ្ហាប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានលើកឡើងថា ដំណាំ ស្វាយចន្ទី ជាង១០ម៉ឺន ហិកតាត្រូវបានកសិករកាប់ចោល ដោយហេតុធុញទ្រាំនឹងបញ្ហាប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យដំណាំ ស្វាយចន្ទី ទទួលបានផលតិច និងគ្រាប់គ្មានគុណភាព។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ ទីភ្នាក់ងារព័ត៌មាន CPA នៅថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២២ថា គិតមកដល់ពេលនេះ សមាគមបានស្រាវជ្រាវតាមខេត្តដែល មានដាំស្វាយចន្ទី និងបានរកឃើញថា ប្រជាកសិករបានកាប់ដំណាំ ស្វាយចន្ទីចោលទៅដាំដំឡូងមីវិញ ក្នុងវង្វង់១០ ម៉ឺនហិកតា។

លោកថ្លែងដូច្នេះថា៖ «ទោះជាយ៉ាងណាក្តី ដី១០ហិកតានេះ មិនមែន ជាចម្ការដែលទទួលបានផលច្រើននោះទេ គឺជាចន្ទីដែល មានអាយុចាស់ និងកូនចន្ទីដែលទើបដាំក្នុងរយៈពេល១ ទៅ៣ ឆ្នាំ ដោយសារការប្រែប្រួលអាកាសធាតុ ពិបាកថែទាំ។ ជី ថ្នាំកសិកម្ម ឡើងថ្លៃប្រេងឡើងថ្លៃហើយពួកគាត់បានកាប់ដើមស្វាយចន្ទីចោល»។

ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានបន្តថា ការកាប់ដើម ស្វាយចន្ទី ក្នុងរង្វង់ជាង ១០ម៉ឺនហិកតា នឹងធ្វើឱ្យប៉ះពាល់ ទិន្នផលស្វាយចន្ទី មួយចំនួនផងដែរ ប៉ុន្តែមិនទាន់ប៉ះពាល់ធ្ងន់ធ្ងរនោះទេ។ «សមាគម គិតថា មិនទាន់ប៉ះពាល់ធ្ងន់ធ្ងរនោះទេ មកដល់ពេលនេះ ព្រោះយើង មានផ្ទៃដី ដែលផ្តល់ទន្និផលនោះចំនួន៥០ ម៉ឺនហិកតាឯណោះ ហើយផ្ទៃដីដាំទាំងអស់ដែលដាំស្វាយចន្ទី គឺមាន៧០ម៉ឺនហិកតា ដែល២០ហិកតា ជាចន្ទីដើមចាស់ និងដើមដាំថ្មី»។

លោក អួន ស៊ីឡុត បានបន្ថែមថា មួលហេតុដែលប្រជាកសិករ កាប់ដើម ស្វាយចន្ទី ហើយងាកទៅដាំដំឡូងមីជំនួសវិញ ដោយសារ ដំឡូងមី មានភាពងាយស្រួលក្នុងការមើលថែ ហើយធន់នឹង អាកាសធាតុ។ «តាមពិតទៅដំឡួងមីគ្មានតម្លៃខ្ពស់ណាស់ណានោះទេ តម្លៃ៣០០ ទៅ៤០០រៀល ក្នុង១គីឡូក្រាម ប៉ុន្តែបញ្ហាហ្នឹងកសិកររងផល ប៉ះពាល់ពីអាកាសធាតុ ដោយសារភ្លៀងធ្លាក់ច្រើនពេក ធ្វើឱ្យ ចន្ទីងាយខូច ។ចំណែកដំឡូងមីមិនងាយខូចនោះទេ លើកលែង តែទឹកលិច។ តែស្វាយចន្ទី ភ្លៀងរដូវក្តិប រដូវផ្កាចប់តែម្តង ខូចគុណភាព គ្រាប់ ធ្វើឱ្យតម្លៃធ្លាក់ចុះ»។

លោកឱ្យដឹងទៀតថា តម្លៃស្វាយចន្ទីនៅឆ្នាំ២០២២ នេះមានតម្លៃ ប្រហាក់ប្រហែលនឹងឆ្នាំ២០២១ ដែរ ប៉ុន្តែដោយសារឆ្នាំ២០២២ មានភ្លៀងធ្លាក់ច្រើន ធ្វើឱ្យគ្រាប់ស្វាយចន្ទីអន់គុណភាព បណ្តាល ឱ្យតម្លៃធ្លាក់ចុះទៅតាមនោះ។ លោក អះអាងថា វិបត្តិអាកាសធាតុ ប្រែប្រួលនេះ ធ្វើឱ្យស្វាយចន្ទីធ្លាក់ចុះទិន្នផលពី ៣០ ទៅ៥០ ភាគរយ។

ការប្រែប្រួលអាកាសធាតុនេះ ក៏បានធ្វើឱ្យការនាំចេញ គ្រាប់ ស្វាយចន្ទីឆៅធ្លាក់ចុះផងដែរ ដោយក្នុងរយៈពេលប្រាំពីរ ខែ ឆ្នាំ២០២២នេះ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជា ទៅ ប្រទេសវៀតណាមមានបរិមាណ ៦៧ម៉ឺនតោន គិតជាទឹកប្រាក់ មានតម្លៃប្រមាណមួយពាន់លានដុល្លារ ធ្លាក់ចុះ ៣៧ភាគរយ បើធៀបនឹងឆ្នាំ២០២១។ នេះបើតាមរបាយការណ៍របស់ សមាគម ស្វាយចន្ទីកម្ពុជា។

ជុំវិញបញ្ហានេះ ទីភ្នាក់ងារសារព័ត៌មាន CPA បានទាក់ទងលោក ស្រី វុទ្ធី អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប៉ុន្តែ ពុំទាន់អាចទាក់ទងបាននោះទេ នៅត្រឹមថ្ងៃទី១២ ខែកញ្ញានេះ។

លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានលើកឡើងថា ការកាប់ដើមសា្វយចន្ទីចោលនេះ នឹងធ្វើ ឱ្យមានការខាតបង់ នៃការចំណាយពេលរបស់ប្រជាកសិករតាំង ពីការ ដាំដុះ មានដូចជា ចំណាយថវិកា និងកម្លាំងពលកម្ម។

លោកថ្លែងដូច្នេះថា៖ «វានឹងប៉ះពាល់អារម្មណ៍ និងទំនុកចិត្ត ប្រជាពលរដ្ឋ ចំពោះយន្តការ លើកកម្ពស់បញ្ហាទីផ្សារ និងផលិតផល ក្នុង ស្រុករបស់អាជ្ញាធររដ្ឋ ទៅលើការជ្រោមជ្រែងជួយកសិករ»។
លោកបន្ថែមថា អាជ្ញាធរគួរសិក្សាស្រាវជ្រាវ និងលើកទឹកចិត្ត ក្នុងការ ផ្តល់មូលនិធិឬផ្តល់ប្រាក់កម្ចីណាមួយដែលសមស្របសម្រាប់ឱ្យប្រជាជនខ្ចីបានត្រូវចែកចាយព័ត៌មានទីផ្សារក្នុងការលក់គ្រាប់ស្វាយចន្ទីឱ្យបានទូលំទូលាយ និងត្រូវខិតខំជួយរកទីផ្សារជូនកសិករ ដើម្បីកុំឱ្យ ពួក គាត់កាប់ស្វាយចន្ទីចោល។

គួរបញ្ជាក់ថា កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ ទីផ្សារអន្តជាតិចំនួន ៣០១ ៤៣តោន ក្នុងឆមាសទី១ ឆ្នាំ ២០២២ នេះ ធ្លាក់ចុះ ៦៨,៣៩ភាគរយ បើធៀបនឹងរយៈពេលដូច គ្នាកាលពី ឆ្នាំមុន។ ក្នុងនោះ កម្ពុជានាំចេញទៅប្រទេសចិនចំនួន ១៣៦ ៦៨តោន ថៃ ១៣៤តោន ជប៉ុន ២១តោន និងកោះតៃវ៉ាន់ចំនួន ១០តោន។ នេះបើតាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ៕ ដោយ៖ ហ្វីន ហ្រ្វីដា

ads banner