លោកស្រី អារឌែន៖នូវែលសេឡង់ គ្មានផែនការដាក់ប្រទេស ជាសាធារណរដ្ឋនាពេលនេះទេ

នូវែលសេឡង់៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់លោកស្រី ហ្សាស៊ីនដា អារឌែន (Jacinda Ardern) បានបញ្ជាក់នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំនេះថា រដ្ឋាភិបាលនូវែលសេឡង់ គ្មានផែនការដាក់ ប្រទេសជាសាធារណរដ្ឋទេ ក្រោយការសោយទិវង្គតរបស់ព្រះ មហាក្សត្រីយានី អេលីហ្សាប៊ែត។ ការបញ្ជាក់របស់ លោក ស្រី នាយករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីការមានការផ្ទុះឡើងជាថ្មី លើការ ជជែកដេញដោលគ្នាថា នូវែលសេឡង់នឹងក្លាយជាប្រទេស សាធារណរដ្ឋ ក្រោយការសោយទិវង្គតរបស់ព្រះមហាក្សត្រិយានី អេលីហ្សាប៊ែត ទី ២ កាលពីថ្ងៃព្រហស្បតិ៍។

លោកស្រី អារឌែន បានថ្លែងក្នុងសន្និសីទកាសែតឯ រដ្ឋធានីវែលីងតោន ថា៖ «មានការជជែកវែកញែក រាប់ឆ្នាំមកហើយ» ជុំវិញការណ៍ដែលថានូវែលសេឡង់ នឹងក្លាយជាប្រទេស សាធារណរដ្ឋ ប៉ុន្តែ «វាគ្រាន់តែជាដំណាក់កាលមួយប៉ុណ្ណោះ យ៉ាង ណាមិញ នោះគឺជាចំណុចដែលនូវែលសេឡង់ ឆ្ពោះទៅ ហើយវានឹង កើតឡើងមុនពេលខ្ញុំស្លាប់» ។
ការអះអាងដូច្នេះ ជាអ្វីដែលលោកស្រីធ្លាប់លើកឡើងតាំងពីដើម រៀង មក ថាលោកស្រី គាំទ្រឱ្យប្រទេសណូវែលសេឡង់ ក្លាយជាប្រទេស សាធារណរដ្ឋ។ ប៉ុន្តែលោកស្រីអារឌែន នៅតែបញ្ជាក់នៅថ្ងៃចន្ទ ម្ដងទៀតថា វានឹងមិនកើតឡើងភ្លាមៗនោះទេ ហើយរដ្ឋាភិបាល របស់លោកស្រី ក៏គ្មានបានបង្កើត ឬកំពុងពិភាក្សាគ្នា ជុំវិញរឿងនេះ ដែរ។
សូមបញ្ជាក់ថា នូវែលសេឡង់ គឺជាប្រទេសមួយក្នុងចំណោម ប្រទេស ទាំង ១៥ នៃប្រទេសខំមិនវែល ដូចជាអូស្រ្តាលី កាណាដា ហ្ស៊ីម៉ាអ៊ីក ដែលនៅតែប្រកាន់យកព្រះមហាក្សត្រអង់គ្លេស ធ្វើជា ប្រមុខរដ្ឋ។ ការសោយទិវង្គតរបស់មហាក្សត្រិយានី អេលីហ្សាប៊ែត ធ្វើឱ្យមានការដេញដោលគ្នា ជុំវិញថាតើប្រទេសណាខ្លះ នឹងក្លាយ ជាប្រទេស សាធារណរដ្ឋ។

ខុសពីនូវែលសេឡង់ នាយករដ្ឋមន្រ្តីនៃកោះ អាន់ទីហ្គ័រ និង បាបូដា បានប្រកាសកាលពីថ្ងៃសៅរ៍ ក្រោយព្រះបាទ ឆាលស៍ ទី៣ ក្លាយជា ស្ដេចអង់គ្លេសបន្តជាផ្លូវការថា រដ្ឋាភិបាលនឹងធ្វើប្រជាមតិ មួយក្នុង អំឡុងរយៈពេលបីឆ្នាំ ដើម្បីសម្រេចចិត្តថាតើប្រទេសនេះ ចង់ក្លាយ ជាសាធារណរដ្ឋ ឬយ៉ាងណា?។

គួរជ្រាបថា ការផ្ដាច់ខ្លួនចេញជារដ្ឋឯករាជ្យ ក្លាយជាប្រធានបទក្ដៅ ក្នុង បណ្ដាប្រទេសទាំង ១៥ ដែលប្រកាន់យកព្រះមហាក្សត្រ អង់គ្លេសធ្វើជាប្រមុខរដ្ឋ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីខែវិច្ឆិកាឆ្នាំមុន កោះបាបេដុស បានបោះបង់មុខងារ ព្រះមហាក្សត្រជាប្រមុខរដ្ឋជាផ្លូវការ ហើយកាលពីខែមិថុនាកន្លងទៅ រដ្ឋាភិបាលកោះហ្ស៊ីម៉ាអ៊ីក ក៏បានប្រកាសពីគម្រោងនៃការ ផ្ដាច់ខ្លួន ចេញដូចគ្នាត្រឹមឆ្នាំ ២០២៥។ ងាកទៅមើលអូស្រ្តាលី ដែលជា ប្រទេស ជិតខាងនូវែលសេឡង់ឯណោះវិញ ក៏ដូចគ្នាដែរ ដោយ សន្ទុះនៃការគាំទ្រឱ្យអូស្រ្តាលី ក្លាយជាសាធារណរដ្ឋ រីកកាន់ តែខ្លាំងឡើងៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕ ដោយ៖ ហួន ឌីណា

ads banner