មេបញ្ជាការកងទ័ពជើងគោកទទួលអំណោយរថយន្តពន្លត់អគ្គិភ័យចំនួនបីគ្រឿងពីស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំតំបន់សេនដៃ នៃប្រទេសជប៉ុន និងសប្បុរសជប៉ុន
ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការ កងទ័ពជើងគោកបានទទួលជួបលោក ស៊ឺស៊ឺមឹ តៃ (SUSUMU TAI) កុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រ កម្ពុជាប្រចាំតំបន់សេនដៃនៃប្រទេសជប៉ុន និងជាស្ថាបនិកអង្គការ Cambodia Future Dream ព្រមទាំងថ្នាក់ ដឹកនាំក្រុមហ៊ុនជប៉ុន និងសប្បុរសជនសហគមន៍ជប៉ុននៅកម្ពុជាក្នុងពិធីប្រគល់-ទទួលអំណោយរថយន្តពន្លត់ អគ្គិភ័យចំនួនបីគ្រឿង។អំណោយជារថយន្តនេះសម្រាប់បំពេញឱ្យតម្រូវការរបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទក្នុងការកសាងពង្រឹងសមត្ថភាពនិងការប្រើប្រាស់ក្នុងប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយក្នុងសហគមន៍ប្រជាពលរដ្ឋ។
ពិធីប្រគល់និងទទួលនេះបានប្រព្រឹត្តទៅនៅទីបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទកាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។
ក្នុងឱកាសនោះឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរំឮកអំពីចំណងមិត្តភាពជិតស្និទ្ធនិងទំនាក់ទំនង ជួយគ្នាទៅវិញទៅមករវាងប្រទេស និងប្រជាជនទាំងពីរកម្ពុជា-ជប៉ុននៅក្រោយការភ្ជាប់ទំនាក់ទំនងការទូតក្នុងឆ្នាំ១៩៥៣ រហូតមកដល់បច្ចុប្បន្ន ជាពិសេសក្នុងដំណាក់កាលស្វែងរកសន្តិភាពក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ក៏ដូចជាក្នុងដំណើការនៃការ កសាង និងអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាអាទិ៍៖ការអប់រំបណ្តុះបណ្តាល ធនធានមនុស្ស,ការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនិងការជួយឧបត្ថម្ភគាំទ្រក្នុងដំណាក់កាលវិបត្តនៃជំងឺកូវីដ-១៩ ជាដើម។ ក្នុងនាមប្រជាជនកម្ពុជា ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះរាល់សកម្មភាពទាំងអស់នេះ ដែលក៏មានការចូលរួមចំណែកផងដែរពីសំណាក់អង្គការ-សមាគមនិងវិស័យឯកជនជប៉ុនដោយពិតជាបានសរបញ្ជាក់ច្បាស់អំពីការផ្សារភ្ជាប់ដ៏ស្អិតរមួតរវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុនលើគ្រប់វិស័យ។
ក្នុងន័យនេះ ឯកឧត្តម ក៏បានបង្ហាញនូវការគាំទ្រ និងលើកទឹកចិត្តឱ្យអង្គការ-សមាគមជប៉ុនរួមទាំងសប្បុរសជន សហគមន៍ជប៉ុនបន្តចូលរួមចំណែកបំពេញកិច្ចការមនុស្សធម៌និងសប្បុរសធម៌នានាដែលផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាជនកម្ពុជាហើយកិច្ចការទាំងនេះក៏នឹងដើរតួនាទីសំខាន់ផងដែរក្នុងពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេស និងប្រជាជនទាំងពីរឱ្យកាន់តែរឹងមាំ។
មួយវិញទៀតឯកឧត្តមក៏បានអរគុណនិងស្វាគមន៍ចំពោះវិនិយោគិនជប៉ុនដែលបានជ្រើសរើសយកប្រទេសកម្ពុជាជាគោលដៅធ្វើធុរកិច្ច ហើយសង្ឃឹមថា បន្តទៅមុខវិនិយោគិនជប៉ុននឹងអញ្ជើញមកកាន់តែច្រើនឡើងបន្ថែមទៀត ជាពិសេសការវិនិយោគផ្នែកឧស្សាហកម្មនិងបច្ចេកវិទ្យាដើម្បីជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាក្នុងរបត់សាកលភាវូបនីយកម្មស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលកំពុងផ្តោតលើការអភិវឌ្ឍវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា។ ក្រៅពីការបង្កើតការងារ និងការផ្ទេរបច្ចេកវិទ្យា, ក្រុមហ៊ុន-សហគ្រាសជប៉ុន ក៏បាននាំមកនូវស្តង់ដារការងារ ដែលមានការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពរបស់កម្មករ-និយោជិត។ ជាមួយគ្នានេះ ការសម្រេចចិត្តរបស់វិនិយោគិនជប៉ុន ដែលអាចចាត់ទុកបានថា ជាការពិចារណាគ្រប់ជ្រុងជ្រោយ និងមានចក្ខុវិស័យច្បាស់លាស់យូរអង្វែងក៏បានបង្ហាញផងដែរអំពីទំនុកចិត្តមកលើកត្តាស្ថិរភាពនិងបរិយាកាសវិនិយោគប្រកបដោយភាពអំណោយផលរបស់កម្ពុជា។
ជាការឆ្លើយតប លោក ស៊ឺស៊ឺមឹ តៃ បានរំឮកអំពីចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរនិងបានលើក ឡើងអំពីកិច្ចខិតខំប្រែងរបស់លោកនៅក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជនជប៉ុន និងប្រជាជនកម្ពុជា តាមរយៈការរៀបចំសកម្មភាពជាច្រើននៅក្នុងប្រទេសជប៉ុនដើម្បីផ្សព្វផ្សាយអំពីប្រទេសកម្ពុជាទាំងលើទិដ្ឋភាពវប្បធម៌ និងសក្តានុពលផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាក្នុងយុគសម័យថ្មី។លោកក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា ផ្អែកលើសកម្មភាពទាំងអស់នេះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា នឹងបន្តរីកចម្រើន និងកាន់តែស៊ីជម្រៅបន្ថែមទៀត៕ ដោយ៖ ពលជ័យ