អ្នកស្ម័គ្រចិត្តចំនួន ៧១១នាក់ បានបរិច្ចាគឈាមជួយសង្គ្រោះអាយុជីវិតជនរងគ្រោះដែលមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ អ្នកស្ម័គ្រចិត្តបរិច្ចាគឈាមជួយសង្គ្រោះអាយុជីវិតជនរងគ្រោះចំនួន៧១១នាក់ បានបរិច្ចាកឈាមរបស់ខ្លួន ដល់អ្នកដែរបានមកសំរាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ដែលកំពុងត្រូវការឈាម ។
លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមការផ្តួចផ្តើមរបស់ឯកឧត្តម អភិបាលខេត្តព្រះសីហនុ គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំលើសុខភាពរបស់ប្រជាពលរដ្ឋ ពិសេសអ្នកជំងឺត្រូវការឈាមសម្រាប់ជួយសង្គ្រោះជីវិត។
លោកស្រីបន្តថា ក្នុងមួយខែៗមន្ទីរពេទ្យត្រូវការឈាមសម្រាប់សង្គ្រោះអ្នកជំងឺប្រមាណ ៥០ប្លោក។ ដើម្បីបំពេញតម្រូវការខាងលើមន្ទីរពេទ្យបង្អែកខេត្តតែងតែរៀបចំកម្មវិធីបរិច្ចាគឈាមក្រោមការជួយគាំទ្រសម្រសម្រួលពីរដ្ឋបាលខេត្ត ធ្វើការផ្សព្វផ្សាយ អំពាវនាវមន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ សមាគមន៍ ស្ថាប័នឯកជន ចូលរួមបរិច្ចាកឈាមនៅមន្ទីរពេទ្យ ឬនៅកន្លែងដែលបានរៀបចំពីធី។
ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងជំនួសឱ្យជនរងគ្រោះ សូមអរគុណចំពោះវត្តមានឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន និងមហាជនដែលបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តនាពេលនេះ។ការផ្តល់ឈាមជាបុណ្យកុសលនិងជាការងារមនុស្សធម៌មួយយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ។
ឯកឧត្តម បានថ្លែងអំណរគុណ និងអគុណទឹកចិត្តមនុស្សធម៌របស់បងប្អូន និងសាធារណៈជនដែលបានចូលរួមបរិច្ចាគឈាមសម្រាប់យកទៅជួយសង្គ្រោះអាយុជីវិតជនរងគ្រោះដោយមិនប្រកាន់ជាតិសាសន៍។
ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិកាក្រសួងសុខាភិបាល បានថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្តដែលបានផ្សព្វផ្សាយបំផុសចលនាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជនដែលបានស្ម័គ្រចិត្តបរិច្ចាគឈាមនាពេលនេះក្នុងការងារមនុស្សធម៌។
សូមបន្តអនុវត្តការងារបរិច្ចាគឈាមដោយស្ម័គ្រចិត្តបន្តទៀត ដើម្បីជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ។ ម្យ៉ាងទៀតក៏ជាវប្បធម៌លើកកម្ពស់ការងារមនុស្សធម៌។ខេត្តព្រះសីហនុបានគ្រប់គ្រងឈាមបានល្អក្នុងការជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ។ ខេត្តមានឈាមគ្រប់គ្រាន់ ថែមទាំងបានឧបត្ថម្ភឈាមជូនដល់មជ្ឈមណ្ឌលជាតិថែមទៀតផង។ យើងបន្តចូលរួមគាំទ្រដល់សកម្មភាពអំណោយឈាមថែមទៀត សម្រាប់ប្រើប្រាស់ និងបំពេញតម្រូវការរបស់អ្នកជំងឺដែលមកសម្រាកក្នុងមន្ទីរពេទ្យ ដែលពួកគាត់ត្រូវការឈាមចាំបាច់៕ដោយ៖ សាវ៉ុន