មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អញ្ជើញ សាកសួរសុខទុក្ខយោធិន និងអតីតយុទ្ធជន សម្រាកព្យាបាលជំងឺ នៅផ្នែកគិលានដ្ឋាន និងឧបត្ថម្ភ អំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការីសាកសួរសុខ ទុក្ខយោធិន គ្រួសារយោធិន និងបងប្អូនអតីតយុទ្ធជន ដែលកំពុងសម្រាកព្យាបាលជំងឺបឋម នៅផ្នែកគិលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំនៅរសៀលថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០២២ ។
នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានពាំនាំនូវ ការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ពិសេសឯកឧត្តមឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគ ទី៤ និងបានសូមជូនពរដល់យោធិន និងក្រុមគ្រួសារព្រមទាំងអតីតយុទ្ធជន ដែលកំពុងសម្រាកព្យាបាលជំងឺ សូមឲ្យឆាប់ជាសះស្បើយ មានសុខភាពល្អ នឹងឆាប់បានវិលត្រឡប់កាន់លំនៅដ្ឋានវិញ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកអំណោយ ឯកឧត្តម បណ្ឌិតហ៊ុន ម៉ាណែត ឧបត្ថម្ភជូនផ្នែកគិលានដ្ឋានមានអង្ក រ២៥០គីឡូក្រាម សម្រាប់រៀបចំអាហារជូនអ្នកជំងឺ ដែលមកសម្រាកព្យាបាលនៅគិលានដ្ឋាន និងបានឧបត្ថម្ភជូនយោធិន គ្រួសារយោធិន និងអតីតយុទ្ធជន ៨នាក់ ក្នុងម្នាក់ៗទទួលបាននូវមីចំនួន ២កេស ត្រីខកំប៉ុងចំនួន ១យួរ និងថវិកាមួយចំនួនផងដែរ។
លោកវរសេនីយ៍ទោ ធិន សំកុល នាយផ្នែកសុខាភិបាល នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ព ជើងគោក ដែលបានឧបត្ថម្ភស្បៀងអាហារនិងថវិកាជូនយោធិន គ្រួសារយោធិន និងអតីតយុទ្ធជនកំពុងសម្រាក ព្យាបាលជំងឺនៅពេលនេះ៕ ដោយ ៖ ប៊ុន រដ្ឋា