អភិបាលខណ្ឌចំការមន ដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំងល្បែងមួយកន្លែង ក្នុងមូលដ្ឋាន
ភ្នំពេញ៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាដាច់ណាត់ ត្រូវតែបង្ក្រាបល្បែងសុីសងគ្រប់ប្រភេទឱ្យអស់ភ្លាមៗ ឯកឧត្តម ឃួង ស្រេង អភិបាល នៃអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់ ដែលមានការចូលរួមពីភិបាលរងរាជធានី ស្នងការនគរបាល រាជធានីភ្នំពេញ មេបញ្ជាការអាវុធហត្ថ រាជធានីភ្នំពេញ អភិបាលខណ្ឌទាំង១៤ អធិការខណ្ឌទាំង១៤ ប្រធានផ្សារទាំងអស់ ក្នុងរាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធនានា ។
ជាក់ស្តែង កាលពីវេលាម៉ោង០៧ និង២០នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ រដ្ឋបាលខណ្ឌចំការមន ដែលចុះដឹកនាំ ដោយផ្ទាល់ពីលោក កៀង លក្ខ័ អភិបាលខណ្ឌចំការមន បានដឹកកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបទីតាំងល្បែងមួយកន្លែង ក្នុងមូលដ្ឋានរបស់ខ្លួន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការ ចុះបង្ក្រាបទីតាំងល្បែងជាក់ស្តែងមួយកន្លែង ក្នុងមូលដ្ឋាន ខណ្ឌចំការមនខាងលើ ក្នុងនោះ កម្លាំងសមត្ថកិច្ច ក៏បានធ្វើការឃាត់ខ្លួន អ្នកលេង រួមទាំងដកហូតយកសម្ភារ:ល្បែងមួយចំនួនថែមទៀតផងដែរ៕ ដោយ៖ ឆៃហួត